រឿងនិទានខ្លីៗ

ពាក្យសន្យារវាងក្អាត់និងដង្កូវ

មានកូនដង្កូវ​ញីមួយ​កំពុង​នៅលើស្លឹកឈើ​ដែលមាន​មែក​ទោរ​ទៅ​រក​ទឹក​បឹងមួយ។ ចៃដន់កូនដង្កូវ​ញី​បាន​ប្រទះ​ភ្នែក​នឹង​កូន​ក្អាត់​ឈ្មោល​មួយ​ដែល​ នៅក្បែរ​នោះ។ ពួក​គេ​បាន​សំលឹង​មើល​មុខ​គ្នា​ដោយ​ភ្នែក​ដ៏​តូចៗ​របស់​គេ ហើយ​ពួកគេក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើគ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ក្រសែ​ភ្នែក​របស់កូនក្អាត់ កូនដង្កូវ​នោះ​ប្រៀបដូច​ជា​ឥន្ធនូដែល​មាន​ពណ៌​ល្អ​គ្មាន​ពីរ។ សំរាប់​ដង្កូវ កូន​ក្អាត់​ប្រៀប​ដូច​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​ដ៏​ប្រណីត។

ដង្កូវ​៖ ខ្ញុំ​ពេញ​ចិត្ត​រូបអ្នកទាំង​អស់ សូមអ្នក​កុំ​ប្រែប្រួលអោយ​សោះ!

ក្អាត់៖ ខ្ញុំ​សន្យា

……….

មួយ​រយៈក្រោយមក​ក្អាត់ក៏មក​ជួប​នឹង​ដង្កូវ​​សារ​ជា​ថ្មី។ តែ​ពេល​នេះ​ក្អាត់​បាន​ដុះ​ជើង​ក្រោយ​២។ ដង្កូវ​បាន​ឃើញ​ក្អាត់​ដូច្នោះ ស្រែក​យំ​យ៉ាង​ខ្លាំង ដោយ​ខឹង​នឹង​ក្អាត់​ថា​មិន​គោរព​សន្យា។

ក្អាត់៖អោយ​ខ្ញុំ​សូមទោសផង​ចុះ ខ្ញុំ​មិន​ចង់​បាន​ជើង​ទាំង​ពីរ​នេះ​ទេ! អ្វីដែល​ខ្ញុំ​ចង់​បាន​គឺ​ឥន្ធនូដ៏ស្រស់ស្អាត​របស់​ខ្ញុំ!

ដង្កូវ​៖ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺគ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំ។ សន្យា​មក​ថា​អ្នក​នឹង​មិន​ប្រែប្រួល​ទៀតទេ!

ក្អាត់៖…ខ្ញុំសន្យា!

……….

ប៉ុន្តែមិន​ដូច​ដែល​គេ​បាន​សន្យា​ឡើយ កូន​ក្អាត់មក​ជួប​ដង្កួវ​លើក​នេះ មាន​ដុះ​ដៃ​២​ថែម​ទៀត។ ដង្កូវ​ស្រែក​យំខ្លាំង​ជា​មុន​ទៅ​ទៀត។

ដង្កូវ​៖ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺគ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំ។ ខ្ញុំទុក​ឱកាស​អោយ​ជាលើកចុង​ក្រោយម្តង​ទៀត! សន្យា​មក​ថា​អ្នក​នឹង​មិន​ប្រែប្រួល​ទៀតទេ!

ក្អាត់៖ អោយ​ខ្ញុំ​សូមទោសផង​ចុះ! …ខ្ញុំសន្យា!

……….

លើកនេះ​ក្អាត់​ក៏​ជ្រុះ​កន្ទុយ​បាត់​។

ដង្កូវ​៖ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​អ្នក​មិន​គោរព​ពាក្យសន្យា។ អ្នក​មិន​ទុក​ខ្ញុំ​នៅក្នុង​បេះ​ដូងឡើយ។ អ្នក​ធ្វើ​អោយ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់!

ក្អាត់៖ ខ្ញុំ​មិន​ចង់​ធ្វើដូច្នេះ​ទេ។ នេះ​ជា​ធម្មជាតិ! អ្នក​នៅ​តែ​ជា​ឥន្ធនូដ៏ស្រស់ស្អាត​សំរាប់​ខ្ញុំដដែល!

ដង្កូវ​៖ តែ​អ្នកមិន​មែន​ជា​គ្រាប់​អង្កាំ​ពណ៌​ខ្មៅ​រលោង​របស់​ខ្ញុំទៀត​ទេ! លាហើយ!

ដង្កូវ​វារចេញទៅ​ សម្ងំ​យំរហូតដល់យប់ ហើយ​ក៏​ដេក​លង់លក់​ទៅ។ នៅពេលដែល​គេ​ភ្ញាក់​ឡើង អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​គេ​ហាក់ប្រែ​ប្រួល​ទាំង​អស់។ ខ្លួន​បែ​រ​ជា​មាន​ស្លាប​ក្លាយ​ទៅ​ជា​មេអំបៅ។ មេឃ​ក៏ប្រែ​ប្រួល​ ដើម​ឈើក៏ប្រែ​ប្រួល​ អ្វីៗ​ទាំង​អស់គឺប្រែ​ប្រួល ​លើកលែង​តែ​ស្នេហា​របស់​គេ​ចំពោះ​កូន​ក្អាត់។ ដង្កូវ​ក៏​សំរេច​ចិត្ត​មក​សូម​ទោស​ក្អាត់​វិញដែល​នាង​ចោទ​ថា​មិន​គោរព​សន្យា។

នាងហោះ​ហើរ​ស្វែង​រក​កូន​ក្អាត់។ ពេល​នោះ​នាង​បាន​ឃើញ​​កង្កែប នាងក៏​ហើរ​មក​ក្បែរ ហើយ​សួរ​ថា៖

តើអ្នក​មាន​បាន​ឃើញ​គ្រាប់​អង្កាំ​ខ្មៅ​របស់​ខ្ញុំ​ទេ?

សួរ​មិន​ទាំង​ទាន់​ចប់​ផង ​​កង្កែបក៏លោត​ស៊ីមេអំបៅ​បាត់​ទៅ!

រួចហើយ​វា​ក៏​លោត​មក​ទំ​លើ​ស្លឹក​ឈូក​ចាំ​មើល​ផ្លូវ​ឥន្ធនូរបស់​វាយ៉ាង​ក្រៀមក្រំ​ក្នុង​ចិត្តបន្ត​ទៀត ដោយសង្ឃឹម​ថា​ថ្ងៃ​ណាមួយ​នាង​នឹង​វិលមក​រក​ខ្លួន​វិញ​ជា​មិនខាន៕

រឿង​បុរស​ចង់​បោក​ប្រាសទេវតា

កសិករ​ម្នាក់​ទៅ​ផ្សារ​ដើម្បី​លក់​គោ និង មាន់​ពីរ​ក្បាល។ ផ្ទះ​របស់​គាត់ នៅ​ឆ្ងាយដាច់​ស្រយាល​ពី​គេ ។ គាត់​ត្រូវ​ដើរ​កាត់​ព្រៃ​ស្ងាត់​ជ្រងំ​ ដែល​សម្បូរ​ទៅ​ដោយ​ពួក​ចោរ​កាច​សាហាវ។ បុរស​ម្នាក់​នេះ ភ័យ​ពេក​ ក៏​បន់​ដល់​ទេវតា​ថា៖

“ទេវតាអឺយ ទេវតា បើ​ព្រះ​អង្គ​ជួយ​កូន​ចៅ​ ឱ្យ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព កូន​ចៅ​នឹងថ្វាយ​​ប្រគេន​ប្រាក់​ បាន​ពី​លក់​គោ​មួយ​ក្បាល​នេះ​ ទាំង​អស់​ ដល់​ចៅអធិការ​វត្ត​ទុក​សម្រាប់​ធ្វើ​បុណ្យ​​។”

បុរស​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ស្ងាត់​នោះ​ដោយសុវត្ថិភាព​មែន តែ​គាត់​នឹក​ស្ដាយ​ក្រោយ ថា មិន​គួរ​ណា​សន្យា​ ជាមួយ​ទេវតា នាំ​ឱ្យ​ចំណាយ​អស់​ប្រាក់​សន្ធឹក​សន្ធាប់​យ៉ាង​នេះ​សោះ។ ប៉ុន្តែ​ភ្លាម​នោះ​ គាត់​បាននឹក​​ឃើញ​ នូវ​គំនិត​ល្អ​មួយ។

ពេល​ទៅ​ដល់​ផ្សារ គាត់​បានប្រកាស​លក់​គោ​របស់​គាត់ ក្នុង​តម្លៃ​ស្មើ​នឹង មាន់​ពីរ​ក្បាល។ មនុស្ស​ជា​ច្រើន​បាន​មក​ចោម​រោម​ចង់​ទិញ​គោ​របស់​គាត់ ព្រោះ​ឮ​ថា តម្លៃ​ថោក។

– តែ​អ្នក​ដែល​ទិញ​គោ​នេះ ត្រូវ​តែ​ទិញ​ មាន់​ទាំង​ពីរ​ក្បាល​នេះ​ដែរ !! កសិករ​នោះ​និយាយ។

– អ៊ីចឹង​ក៏​បាន ហើយ​ចុះ​មាន់​ទាំង​ពីរ​ក្បាល​នេះ​ថ្លៃ​ប៉ុន្មាន​ដែរ ? អ្នក​មក​ចោមរោម​ទិញ​សួរ។

កសិករ​នេះ លក់​មាន់​ទាំង​ពីរ​ក្បាល​ថ្លៃ​ស្មើ​គោ​មួយ​ក្បាល​របស់​គាត់។ គេ​ក៏​ព្រម​ទិញ​គោ​និង​មាន់​ទាំង​ពីរ​ក្បាល​ពីគាត់។ កសិករ​ម្នាក់​នេះ បាន​យក​លុយ​ប៉ុន្មាន​ពាន់​រៀល បាន​មក​ពី​ការ​លក់​គោ​របស់​គាត់​ យក​ទៅ​ប្រគេន​លោក​ តាម​ការ​សន្យា​ជា​មួយ​ទេវតា ហើយ​ទុក​លុយ​ប៉ុន្មាន​លាន​រៀល​ បាន​មក​ពី​លក់​មាន់​ យក​ទៅ​ផ្ទះ។

សំណាងអាក្រក់ បាប​កម្ម​ដោយ​សារ​បោកប្រាស​​ទេវតា​ បុរសម្នាក់​នោះ បាន​ជ្រុះ​បាត់​លុយ​ នៅ​តាម​ផ្លូវ​ពេល​ត្រលប់​មក​ផ្ទះ​វិញ។

 ត្រីមាស

អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។

លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ភរិយា​របស់​អ្នក​នេសាទនៅ​មិន​សុខមិនសាប់​ចង់​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​អោយ​ពួក​គេបាន​ទ្រព្យ​សម្បត្តិទាំង​នេះ​មក។ នាង​ទទូច​សួរ​អ្នក​នេសាទ​ជា​ប្តីទាល់​តែ​អ្នក​នេសាទ​នោះ​ប្រាប់​តាម​ដំណើរ​ដើមទង។ និយាយ​​​​មិន​ទាន់​ផុត​ពី​មាត់​ផង​ស្រាប់​តែ​វិមាន​ស្កឹម​ស្កៃក្លាយ​មក​ជា​ខ្ទម​កំសត់​ដូច​ដើម​វិញ​ហើយ​ទ្រព្យ​របស់​ផ្សេង​ទៀត​ក៏​រលាយ​បង់​អស់ដែរ៕

មកកាន់ទំព័រដើមវិញ!