វិធីធ្វើម្ហូប

ណែមត្រី

កាលនៅ​ស្រុក​ខ្មែរ ​ចេះ​ចំអិនតែម្ហូបធម្មតា ដូច​ស្ងោរ​ ឆា ញាំ ជាដើម របស់​ណា​ពិបាក​ធ្វើ​ ទៅ​ទិញ​ពី​ផ្សារមក​ញ៉ាំ​ស្រាប់ៗ​​។ នៅពេល​មក​ដល់​ស្រុក​គេ រៀនធ្វើម្ហូបសព្វ​គ្រប់… បើ​មិន​ខំ មិន​បាន​របស់​ឆ្ងាញ់​ញ៉ាំ​ទេ! ឥឡូវ​ចេះ​ធ្វើ​ទាំង​ណែម​ត្រី​ទៀត! តែ​មិន​មែន​ខ្ញុំ​ទេ ជា​ស្នាដៃ​ប្តី​និង​កូន ​:D

គ្រឿង​ផ្សំ៖
ជា​ធម្មតា​គេប្រើ​ត្រី​រ៉ស់ ឬ ត្រី​ស្លាត តែ​ខ្ញុំ​ប្រើត្រី​ម្យ៉ាង​ឈ្មោះ Pangasius មក​ជំនួស​វិញដោយ ជន្លាស​យក​តែ​សាច់ ៦០០​ក្រាម
ស្ករស ២​ស្លាបព្រាបាយ អំបិល ១​ស្លាបព្រាបាយ
រំដេង ៣​មើម ខ្ទឹម​ស​១​មើម
ម្ទេស
ស្លឹកកន្ទួត​ (បើមាន)
ថង់ប្លាសស្ទិច​ទុក​ច្រក

របៀប​ធ្វើ៖
បុក​ឬកិនរំដេង និង​ខ្ទឹម​សចូលគ្នាអោយម៉ត់។
ហាន់​សាច់​ត្រី​ជា​ចំណិត​តូចៗ រួចបុកឬកិនអោយម៉ត់​ដែរ។
លាយសាច់​ត្រីដែម៉ត់​ហើយ​ជា​មួយ​រំដេង និង​ខ្ទឹម​ស ដាក់​ស្ករស និង​អំបិល​ចូល រួច​ច្របល់​ចូល​គ្នា​អោយ​សព្វ។
ច្រក​ដាក់​ថង់​ដោយ​សង្កត់​អោយ​ណែន និង​​បង្កប់​ម្ទេស និង​ស្លឹក​កន្ទួត​តាម​បរិមាណដែល​អ្នក​ចូល​ចិត្ត រួច​ចងអោយ​ជិត​កុំអោយ​ចូល​ខ្យល់។
ទុក ២ថ្ងៃ២​យប់ ដោយ​មិន​អោយ​ត្រូវកំដៅថ្ងៃ និង​មិន​ដាក់​ក្នុង​ទូរ​ទឹកកក សាច់​ត្រី​នឹង​ឆ្អិន​ហើយឡើង​ជូរ​ឆ្ងាញ់អាច​បរិភោគបាន៕

ឆាគ្រឿង​សាច់គោ


គ្រឿង​ផ្សំ
សាច់គោ (សាច់​ស្រួយ ឬ​សាច់កំភួន)
គល់ស្លឹក​គ្រៃ​ហាន់ ខ្ទឹម​ស រមៀត ស្លឹកក្រូចសើច រំដេង
សណ្តែក​ដី​លីង
ម្ទេស​ប្លោកបៃតង
ខ្ទឹម​បារាំង
ប្រេង​ឆា ស្ករ អំបិល

របៀប​ធ្វើ
ហាន់​សាច់​គោ​ជា​ចំណិតតូចៗ។
បុកគល់ស្លឹក​គ្រៃ​ហាន់ ខ្ទឹម​ស រមៀត ស្លឹកក្រូចសើច រំដេង និង​សណ្តែក​ដី​លីងចូល​គ្នា​អោយ​ហ្មត់។
ពុះម្ទេស​ប្លោក១ ជា​៦​ រួចហាន់បញ្ឆិតៗមិន​តូច​ពេក​មិន​ធំ​ពេក។
ហាន់​ខ្ទឹម​បារាំង​បណ្តោយ តូចៗ។
ចាក់​ប្រេង​ឆា​បន្តិច​ចូល​ក្នុង​ខ្ទះ ទុក​អោយ​ក្តៅរួច​ចាក់​គ្រឿង​ដែលបុក​ហើយ​ចូល។ លីង​គ្រឿង​បន្តិចរួច​​ចាក់​សាច់​គោ​ចូល ​ម្ទេស​ប្លោក​និង​ខ្ទឹម​បារាំង​ចូល​ដំណាលគ្នា (សាច់​ស្រួយ​ជា​សាច់ផុយ មិន​ចាំបាច់​រំងាស់​ទេ)។ ឆា​ច្របល់​ចូល​គ្នា​ ដាក់​​ស្ករ និងអំបិលរួចភ្លក់តាម​រសជាតិ​ដែល​ចូល​ចិត្ត។ ទុក​លើ​ភ្លើង​មើល​តែ​ម្ទេស​ប្លោក​ឆ្អិន ដួស​ដាក់​ចាន​ជា​ការ​ស្រេច៕

 បបរគ្រឿង

គ្រឿងផ្សំ៖
សាច់ជ្រូក ឆ្អឹង​ជ្រូក (យកឆ្អឹង​ស៊ុប)
ផ្សិតក្រៀម
ការ៉ុត ដំឡូងបារាំង ផ្សិតចំបើង ខ្ទឹមបារាំង សណ្តែកបណ្តុះ ជីបន្លា
សៀងផ្អែម
អង្ករ
ដុំស៊ុប ស្ករស អំបិល ម្រេច ទឹក​ត្រី ខ្ទឹមស

របៀបធ្វើ៖
ដាំទឹក​ស្ងោរ​ឆ្អឹងជ្រូក
ហាន់សាច់ជ្រូក​ជាបន្ទះ​តូចៗ ឆ្អឹងជ្រូកកាប់​ជា​ដុំៗ
ត្រាំ​ផ្សិត​ក្រៀម រួចហាន់ជា​ចំណិតតូចៗ
ហាន់ការ៉ុត និងដំឡូងបារាំង​ជា​ដុំតូចៗ
ហាន់​ផ្សិតចំបើង (១​ពុះជា២​រឺជាបួន)
ហាន់​ខ្ទឹម​បារាំងតាម​បណ្តោយស្តើងៗ
ចិញ្ច្រាំខ្ទឹម
ពេលទឹក​ពុះ ដាក់​ដុំស៊ុប១ដុំ រួចដាក់​ឆ្អឹង​ជ្រូក សាច់​ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និង​ដំឡូងបារាំង​ចូល។
ដាក់អំបិល ស្ករ ម្រេច ទឹក​ត្រី
លាងអង្ករ រួច​សំរិត​ទឹក​ចេញអោយអស់
ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាង​រួច​ចួល ឆា​មួយសន្ទុះ ចាក់អង្ករដែលឆា​រួច​ចូល​ឆ្នាំង​បបរ រួចដាក់​ផ្សិត​ចំបើង​ចូល ​រំងាស់រហូត​ដល់​អង្កររីក។ ភ្លក់តាម​រសជាតិ​ដែល​ចូល​ចិត្ត រួច​បង់​ខ្ទឹម​បារាំងចូល​ទុក​ជា​បាន​ការ។
ពេលដួស​ញ៉ាំ​ ទើបដាក់​សណ្តែក​បណ្តុះ ជីបន្លា និង​សៀង

ចំណាំ៖ បើដាក់​ប្រហិត សាច់​បាត់តេ បង្គា ​ថែមទៀត​រិត​តែ​ឆ្ងាញ់!!

ឆ្អឹង​ស៊ុប​ ស្ងោរ​យូរ​កាន់តែ​ល្អ

ខណៈ​ដែល​អាហារ​ប្រភេទ​ប​ន្ឡែ​ ឬ​ផ្ឡែ​ឈើ​ បើសិន​យក​ទៅ​ស្ងោរ​ ឬ​ស្រុស​យូរ​ពេក​ គុណភាព​ខាង​អាហារ​ នឹង​ត្រូវ​រលាយ​អស់​ ទៅ​តាម​កម្តៅ​នោះ​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ឆ្អឹង​សត្វ​ស្ងោរ​ ឬ​រម្ងាស់​ធ្វើ​ទឹក​ស៊ុប​ បើ​ស្ងោរ​កាន់តែ​យូរ​ កាន់តែ​ល្អ​ ព្រោះ​កាល់ស្យូម​ក្នុង​ឆ្អឹង​សត្វ​ នឹង​រលាយ​ចេញ​មក​ជាមួយ​ទឹក​ស៊ុប​ ។​
​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ ហារ​វ៉ា​ដ​ (Harvard)​ និង​មន្ទីរពេទ្យ​នៅ​បូ​ស្តុ​ន​ សហរដ្ឋអាមេរិក​ ណែនាំ​ថា​ប្រសិនបើ​ថែម​ទឹកខ្មេះ​ និង​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូល​ ឬ​ដាក់​ប៉េងប៉ោះ​ ទៅ​ស្ងោរ​ជាមួយ​នោះ​ វា​ជួយ​ទាញ​កាល់ស្យូម​ ពី​ការ​ស្ងោ​ឆ្អឹង​សត្វ​ បន្ថែម​ឡើង​ជាង​ ៦៤%​ …​។