អ្នកវិទ្យាសាស្រ្ត

អង់ដ្រេ ម៉ារី អំពែរ

ថ្ងៃ​នេះខ្ញុំ​សូម​ណែនាំ​ពី​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ទៀត ដែល​បាន​រួមចំនែក​យ៉ាង​សំខាន់​ក្នុង​ផ្នែក​អគ្គីសនី។ សូមរីករាយ​អាន​ដោយមេត្រី។

អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) (២០ មករា ១៧៧៥ – ១០ មិថុនា ១៨៣៦) ជា រូបវិទូ និង គណិតវិទូ បារាំង ដែល​បាន​រួមចំនែក​ក្នុង​របក​គំហើញ​អេឡិចត្រូម៉ាញ៉េទិច​។ គាត់ជា​ស្ថាបនិក​ទូរលេខ អគ្គីសនី និងអេឡិចត្រូ​មេដែក(សហការ​គ្នា​ជាមួយ ហ្វ្រង់ស័រ អារ៉ាហ្គោ (François Arago)។ អំពែរ​ដែលជា​ខ្នាត​របស់ចរន្តអគ្គីសនី នៅក្នុង​ប្រព័ន្ធខ្នាតអន្តរជាតិ ត្រូវបាន​ដាក់ឈ្មោះ​តាមលោក។
ជីវប្រវត្តិ

អំពែរ​ចាប់កំនើត​នៅថ្ងៃទី២០ មករា ១៧៧៥ នៅក្រុងលីយ៉ុង ប្រទេសបារាំង និងបាន​រស់នៅ​ភូមិក្បែរ​នោះឈ្មោះ Poleymieux-au-Mont-d’Or ពីឆ្នាំ១៧៧៥​ដល់ឆ្នាំ​១៧៩៦។ តាំងពី​កុមារភាព​ អំពែរ​ជា​មនុស្ស​ស្រេកឃ្លាន​ការរៀនសូត្រ។ គេ​និយាយ​ថា​គាត់​ចេះ​ធ្វើ​ការគណនា​វែងៗ​ដោយប្រើ​គ្រាប់ក្រួស​និង​កំទេច​នំប៊ីស្គីត នៅមុន​ពេល​គាត់ស្គាល់​លេខ​ទៅទៀត។ ឪពុក​របស់​លោក​បាន​បង្រៀន​អក្សរឡាតាំង​ដល់លោក និងបាន​រកឃើញ​ថា​អំពែរ​មាន​ចំនាប់អារម្មណ៍​និង​និស្ស័យ​នឹង​គណិតវិទ្យា។ កុមារ​អំពែរ​បាន​ប្រើប្រាស់​ភាសា​ឡាតាំង​របស់ខ្លួន ក្នុង​ការសិក្សា​ពី​ស្នាដៃ​របស់អឺលែរ និង ប៊ែរនុយយី។

នៅ​សម័យ​បដិវដ្តន៍​បារាំង ឪពុក​របស់​អំពែរ​ត្រូវ​ពួកបដិវដ្តន៍​ចាប់ខ្លួន​និង​កាត់ទោស​ប្រហារ​ជីវិត​ដោយ​ម៉ាស៊ីន​កាត់ក ដោយសារ​គាត់បាន​រិះគន់​ដល់​បដិវដ្តន៍​ថា​បាន​ធ្វើជ្រុល​ហួសហេតុ។ មរណភាព​របស់​ឪពុក​ជា​ភាពតក់ស្លុត​មួយ​សំរាប់​អំពែរ រហូត​ដល់គាត់​លែងមាន​ចិត្តចង់​ធ្វើអ្វីៗ​ទាំងអស់។ មានពេល​មួយគាត់​បាន​ទទួល​នូវ​ពង្រាង​និក្ខេបបទ​ស្ដីពី​រុក្ខជាតិ ហើយ​គាត់ក៏​មាន​ចំនាប់​អារម្មណ៍​ឡើងវិញ​ជាមួយ​វិទ្យាសាស្ត្រ។

នៅឆ្នាំ​១៧៩៦ អំពែរ​បាន​ជួប​ជាមួយ​នាង ហ្សូលី ការរ៉ុង (Julie Carron) ដែលជា​កូនស្រី​របស់​ជាង​ដែក​ម្នាក់​នៅក្បែរ​ក្រុងលីយ៉ុង ហើយ​បាន​រៀបការ​ជាមួយ​នាងនៅឆ្នាំ១៧៩៩។ ចាប់ពី​ឆ្នាំ១៧៩៦ អំពែរ​ធ្វើជា​គ្រូឯកជន​នៅលីយ៉ុង ដោយ​បង្រៀន​មុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ភាសា។ ប៉ុន្តែ​នៅឆ្នាំ១៨០១ គាត់បាន​រើទៅ​ក្រុងបួក (Bourg) ទៅធ្វើ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា​និង​គីមីវិទ្យា ដោយទុក​ចោល​ភរិយា​កំពុងមាន​ជំងឺ​ព្រមទាំង​កូនប្រុសឈ្មោះហ្សង់ហ្សាក់ អំពែរ (Jean-Jacques Ampère) នៅលីយ៉ុង។ ភរិយា​របស់​លោក​បានទទួល​មរណភាព​នៅឆ្នាំ១៨០៣ ដែល​ប្រការនេះ​ធ្វើអោយ​អំពែរ​មានវិបត្តិ​ក្នុងចិត្ត​ពេញមួយ​ជីវិត​របស់គាត់។ នៅឆ្នាំ១៨០៤ អំពែរ​ត្រូវបាន​គេ​តែងតាំង​ជា​សាស្ត្រចារ្យ​គណិតវិទ្យា​នៅវិទ្យាល័យ​លីយ៉ុង។

នៅថ្ងៃទី១ សីហា ១៩០៦ គាត់បាន​រៀបការ​ជាថ្មី​ជាមួយ​នាង ហ្សង់ ហ្វ្រង់ស័រ ប៉ូតូ (Jeanne-Françoise Potot) (ភរិយា​ទី២​នេះ​ទទួល​មរណភាព​នៅឆ្នាំ​១៨៦៦នៅវ៉ែកសៃ នៅ​អាយុ​៨៨ឆ្នាំ)។ ពួកគេ​ទាំង២​នាក់​មាន​កូនស្រី​ម្នាក់ឈ្មោះ អាល់ប៊ីន(Albine) (១៨០៧ – ១៨៤២)។

នៅឆ្នាំ១៩០៩ អំពែរ​ក្លាយជា​សាស្ត្រាចារ្យ​គណិតវិទ្យា​នៅ​សាលា​ពហុបច្ចេកទេស​នៅប៉ារីស។ នៅទីនោះ គាត់បាន​បន្ត​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​និង​ ប្រឹងប្រែង​សិក្សា​ជាច្រើន​ផ្នែកទៀត​ដោយ​ឥតស្រាកស្រាន។ គាត់ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​សមាជិក​នៃ​វិទ្យាស្ថាន​នេះនៅឆ្នាំ១៨១៤។

កេរ្តិ៍ឈ្មោះ​របស់​អំពែរ​បានពី​ការណ៍​ដែល​គាត់​បាន​រកឃើញ​ទំនាក់ទំនងរវាងអគ្គីសនី និងម៉ាញ៉េទិច ដែលបាន​ពង្រីក​តទៅ​ទៀតជា អេឡិចត្រូម៉ាញ៉េទិច​ (តាមអំពែរ​គាត់ហៅថាអេឡិចត្រូឌីណាមិច)។ នៅថ្ងៃទី១១ សីហា ១៨២០ គាត់បាន​លឺពី​របក​គំឃើញ​របស់អឺស្តែដ អំពីទ្រនិច​ត្រីវិស័យ​ដែលងាក​ដោយសារ​ចរន្តអគ្គីសនី។ រយៈពេល​មួយសប្ដាហ៍​ក្រោយមក គឺនៅថ្ងៃទី១៨ សីហា អំពែរ​បានបង្ហាញ​និក្ខេបបទ​មួយ​និយាយ​បកស្រាយ​កាន់តែ​ជ្រៅ​ពី​បាតុភូត​ស្រដៀងគ្នា​នោះ ទៅកាន់​បណ្ឌិតសភា។ នៅថ្ងៃដដែល អំពែរ​បាន​បកស្រាយ​នៅចំពោះ​មុខ​សមាជិក​បណ្ឌិតសភា ថា​ខ្សែចំលង​ស្របគ្នា​ឆ្លងកាត់​ដោយ​ចរន្តអគ្គីសនី ទាញគ្នា​ចូល​ឬ​ច្រានគ្នា​ចេញ (អាស្រ័យ​លើ​ទិសដៅចរន្ត៖ បើដូចគ្នា​ទាញចូល បើផ្ទុយគ្នា​ច្រានគ្នាចេញ)។ នេះជា​គ្រឹះ​របស់អេឡិចត្រូឌីណាមិច។

ផ្នែក​អេឡិចត្រូឌីណាមិច​ត្រូវបាន​បើកទ្វារឡើង។ អំពែរ​បានរកឃើញ​ទ្រឹស្ដី​គណិតវិទ្យា​ដែលអាច​ពន្យល់​ពី​បាតុភូត​អេឡិចត្រូម៉ាញ៉េទិច​ ដែល​ត្រូវបាន​គេសង្កេត​ឃើញហើយ និងបាន​ប្រមើលឃើញ​ពី​បាតុភូត​ថ្មីៗ​ទៀតផង។

ស្នាដៃ​ចុងក្រោយ​របស់​អំពែរ (ដែលបោះពុម្ភ​ក្រោយ​មរណភាព​របស់គាត់)​មានចំនងជើងថា Essai sur la philosophie des sciences, ou exposition analytique d’une classification naturelle de toutes les connaissances humaines (“អត្ថបទ​សាកល្បង​ស្ដីពី​ទស្សនវិជ្ជា​របស់​វិទ្យាសាស្ត្រ ឬ​ការបង្ហាញ​បែបវិភាគ​នៃ​ចំនាត់ថ្នាក់​ជា​ធម្មជាតិ​នៃ​ចំនេះដឹង​មនុស្សជាតិ”)។

អំពែរ​ទទួល​មរណភាព​នៅម៉ាកសី នៅឆ្នាំ១៨៣៦ ហើយសព​របស់គាត់​ត្រូវបាន​បញ្ចុះ​នៅ​ឈាបនដ្ឋាន​ម៉ុងម៉ារត្រឹ នៅប៉ារីស។
ស្នាដៃ
នៅផ្នែក​គណិតវិទ្យា អំពែរ​បានធ្វើ​ការស្រាវជ្រាវ​លើ​ទ្រឹស្ដី​ប្រូបាប៊ីលីតេ និង ការ​ធ្វើ​អាំងតេក្រាល សមីការ​ឌីផេរ៉ង់ស្យែល​ដោយផ្នែក។
នៅក្នុង​ផ្នែក​ម៉ាញ៉េទិច គាត់បាន​លើកឡើងពី​វិធានមនុស្សអំពែរ ដើម្បី​កំនត់ពី​ទិសដៅ​ងាក​របស់​ទ្រនិច​ត្រីវិស័យ​ពេលមាន​ចរន្តអគ្គីសនី​រត់កាត់​ក្បែរវា។ វិធាន​មនុស្សអំពែរ​នាពេលនោះ​ចែងថា៖ បើសិន​មនុស្សអំពែរ​ដេកនៅលើ​ខ្សែចំលង ដាក់​ភ្នែក​សំលឹង​ទៅម្ជុល​មេដែក ហើយ​ចរន្តអគ្គីសនី​ឆ្លង់កាត់​ពីចុងជើង​ទៅក្បាល ពេលនោះ​ប៉ូលជើង​របស់​ម្ជុលមេដែក​ត្រូវតែ​ងាកទៅ​ខាងឆ្វេង។ វិធាន​មនុស្សអំពែរ​នេះក្រោយមក​ត្រូវបានគេ​ប្រើ​សំរាប់​កំនត់ប៉ូល​របស់សូលេណូអ៊ីដ ពេលមាន​ចរន្តឆ្លងកាត់​រប៊ុំ​ខ្សែចំលង​វាដែរ។
នៅក្នុង​ផ្នែក​អេឡិចត្រូឌីណាមិច អំពែរ​បាន​រកឃើញ​ច្បាប់អំពែរ ដែលនិយាយ​ពី​ខ្សែចំលង​ស្របគ្នា ច្រានគ្នា​ចេញ​បើទិសដៅ​ចរន្ត​ផ្ទុយគ្នា និង​ទាញគ្នា​ចូល​បើសិន​ជា​ទិសដៅ​ចរន្ត​ដូចគ្នា។
អំពែរ​បានបកស្រាយ​ពី​បាតុភូត​ម៉ាញ៉េទិច​​ដោយប្រើ​ទ្រឹស្ដីចរន្ត​ម៉ូលេគុល គឺថា​មានភាគល្អិត​ផ្ទុកបន្ទុក​អគ្គីសនី​រាប់មិនអស់​ដែលរត់​ឆ្លងកាត់​ខ្សែចំលង។ ទ្រឹស្ដី​នេះត្រូវ​អ្នកវិទ្យាសាស្ត្រ​នៅជំនាន់​នោះច្រានចោល។ រយៈពេល​៦០​ឆ្នាំ​ក្រោយមក ទ្រឹស្ដី​នេះ​ត្រូវបាន​ផ្ទៀងផ្ទាត់ តាមរយៈ​ការរកឃើញ អេឡិចត្រុង។
នៅក្នុង​ផ្នែកគីមីវិទ្យា គាត់បាន​ផ្ដល់សម្មតិកម្ម​ដំនាលគ្នា​នឹងអាវ៉ូហ្គាដ្រូ (Amedeo Avogadro) ដែរដែលថា ចំនួន​ម៉ូលេគុល​ឧស្ម័ន​សមាមាត្រ​នឹងមាឌ​របស់វា។
អំពែរ​បានរកឃើញ​ហ្គាល់វ៉ាណូម៉ែត្រ ទូរលេខអគ្គីសនី និង អេឡិចត្រូមេដែក (សហការគ្នាជាមួយអារ៉ាហ្គោ)។

ម៉ៃឃើល ហ្វារ៉ាដេយ

ម៉ៃឃើល ហ្វារ៉ាដេយ (Michael Faraday) (២២ កញ្ញា ១៧៩១ – ២៥ សីហា ១៨៦៧) ជា​រូបវិទូ​និង​គីមីវិទូ​​អង់គ្លេស ដែល​បាន​រួមចំនែក​ក្នុង​ការស្រាវជ្រាវ​​ផ្នែក​អេឡិចត្រូម៉ាញ៉េទិច​និង​អេឡិចត្រូគីមី​។

ហ្វារ៉ាដេយ​​បាន​សិក្សា​អំពី​ដែនម៉ាញ៉េទិច​​នៅ​ជុំវិញ​អង្គធាតុចំលង​​ដែល​មាន​ចរន្តជាប់​ឆ្លង​កាត់។ គាត់​បាន​បង្កើត​គំនិត​គ្រឹះ​អំពី​ដែនម៉ាញ៉េទិច​​នៅ​ក្នុង​រូបវិទ្យា​។ គាត់​បាន​រកឃើញ​បាតុភូត​អាំងឌុចស្យុង​អេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ​។ គាត់​បាន​រកឃើញ​ថា​​ម៉ាញ៉េទិច​​អាច​មាន​ឥទ្ធិពល​លើ​​កាំពន្លឺ​​និង​​បានពោល​ថា មាន​ទំនាក់ទំនង​ពិសេស​១​នៅ​ពី​ក្រោយ​បាតុភូត​ទាំង​២​នេះ​។ គាត់​បាន​រកឃើញ​គោលការណ៍​ដែល​គេ​ប្រើ​ក្នុង​ម៉ាស៊ីនអគ្គីសនី​។

ក្នុង​ផ្នែក​គីមីវិទ្យា ហ្វារ៉ាដេយ​​បាន​រកឃើញ​បង់សែន បង្កើត​ចំពុះប៊ុនសិន និង​ប្រព័ន្ធ​ចំនួន​អុកស៊ីតកម្ម និង​បំផុសបំផុល​ការប្រើប្រាស់​ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។

ទោះបីជា​ហ្វារ៉ាដេយ​​មិន​បាន​ទទួល​ការអប់រំ​ជាផ្លូវការ​អោយ​បាន​ច្រើន និង​មាន​ចំនេះដឹង​តិចតួច​​ពី​គណិតវិទ្យា​ថ្នាក់ខ្ពស់ ក៏ដោយ ក៏​គាត់​បាន​ក្លាយជា​អ្នកវិទ្យាសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែល​ជា​ខ្នាត​របស់​កាប៉ាស៊ីតេ​នៅ​ក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​គាត់។ ដូចគ្នា​ផងដែរ​ថេរហ្វារ៉ាដេយ ជា​បន្ទុកអគ្គីសនី​របស់​អេឡិចត្រុង​មួយ​ម៉ូល​ (ប្រហែល 96 485 គូឡុំ​)។ ច្បាប់​អាំងឌុចស្យុង​របស់​ហ្វារ៉ាដេយ បាន​ចែង​ថា​ដែនម៉ាញ៉េទិច​​ដែល​ប្រែប្រួល​ទៅ​តាម​ពេលវេលា​បង្កើត​ជា​កំលាំងអគ្គីសនីចលករ​ដែល​សមាមាត្រ​នឹង​បំរែបំរួល​នោះ។

ជីវប្រវត្តិ

ម៉ៃឃើល ហ្វារ៉ាដេយ ចាប់​កំនើត​នៅ ញូវីងតុន បាត់ស៍ (Newington Butts) ផ្នែក​មួយ​របស់​ឡិនដិន​ខាងត្បូង ប្រទេស​អង់គ្លេស។ គ្រួសារ​របស់គាត់​មិន​ជា​ធូរធារ​ប៉ុន្មានទេ។ ឪពុក​របស់លោក​​ឈ្មោះ ចេមស៍ ហ្វារ៉ាដេយ (James Faraday) ជា​ជាងដែក។ ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៤​នាក់ ម៉ៃឃើល​ ហ្វារ៉ាដេយ​មាន​លទ្ធភាព​រៀនសូត្រ​កំរិត​មូលដ្ឋាន​ប៉ុណ្ណោះ​នៅ​សាលា ហើយ​ក្រៅពីនេះ​គាត់​ត្រូវ​រៀនសូត្រ​ដោយ​ខ្លួនឯង​។ នៅ​អាយុ​១៤​ឆ្នាំ គាត់​បាន​ទៅ​ធ្វើ​ជា​កូន​ជាង​របស់​អ្នក​ធ្វើ​និង​លក់​សៀវភៅ​ម្នាក់​ឈ្មោះ ចច រីបៅ (George Riebau)។ ក្នុង​​រយៈពេល៧​ឆ្នាំ​នៅ​ទីនោះ ហ្វារ៉ាដេយ​បាន​អាន​សៀវភៅ​ជាច្រើន និង​បាន​បណ្ដុះ​ចំនាប់អារម្មណ៍​យ៉ាង​ពិសេស​លើ​ផ្នែក​អគ្គីសនី​។ ជាពិសេស​ទៅទៀត គាត់​មាន​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សៀវភៅ​ឈ្មោះ ”Conversations in Chemistry” (បទសន្ទនា​ក្នុង​គីមីវិទ្យា) សរសេរ​ដោយ ចេន ម៉ារសិត (Jane Marcet)។

នៅ​អាយុ​២០​ឆ្នាំ គឺ​ក្នុង​ឆ្នាំ១៨១២ គាត់​បាន​បញ្ចប់​ការងារ​ជា​កូនជាង​ ហើយ​បាន​ចូលរៀន​ក្នុង​ថ្នាក់​រៀន​របស់​គីមីវិទូ​អង់គ្លេស​ដ៏​ឧត្តម​ឈ្មោះ ហាំហ្វ្រី ដាវី (Humphry Davy) របស់ Royal Institution និង Royal Society និង ចន តាធូម (John Tatum)។ ហ្វារ៉ាដេយ​បាន​ទទួល​សំបុត្រ​ចូលរៀន​​ពី វិល្លៀម ដាន់ស៍ (William Dance)។ ក្រោយមកទៀត ហ្វារ៉ាដេយ បាន​ផ្ញើ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​កំរាស់​៣០០​ទំព័រ​ ដែល​គាត់​សរសេរ​ក្នុង​ពេល​រៀន​ក្នុង​ថ្នាក់​នោះ ទៅ​អោយ​ដាវី​។ ដាវី​បាន​ឆ្លើយតប​ទៅ​វិញ​ភ្លាមៗ ប្រកប​ដោយ​សប្បុរស​និង​អនុគ្រោះ។ នៅពេល​ដែល​ដាវី​បាន​​បាត់បង់​ចក្ខុវិញ្ញាណ​​ក្នុង​ឧប្បត្តិហេតុ​​ពិសោធន៍​នីត្រូសែនទ្រីក្លរីត គាត់​បាន​សំរេចចិត្ត​ជួល​ហ្វារ៉ាដេយ​អោយ​ធ្វើជា​លេខា​​របស់​គាត់​។ នៅពេល​ដែល​ជំនួយការ​នៅ Royal Institution ឈ្មោះចន ផេយនី (John Payne) ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​ការងារ ហាំហ្វ្រី ដាវី ត្រូវ​បាន​គេ​ស្នើសុំ​អោយ​ជួយ​រក​មនុស្ស​មក​ធ្វើការ​ជំនួស។ ដាវី​​បាន​ជ្រើសតាំង​​ហ្វារ៉ាដេយ​អោយ​ធ្វើជា​​ជំនួយការ​គីមីវិទ្យា​​នៅ​ទីនោះ នៅ​ថ្ងៃទី​១ មីនា​។

ហ្វារ៉ាដេយ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​​នាង សារ៉ា បារណាត ​(១៨០០-១៨៧៩) នៅថ្ងៃទី២ មិថុនា ១៨២១។ ពួកគេ​គ្មាន​កូនចៅ​ទេ។ ពួក​គេ​ទាំង​២​ជួប​ស្គាល់គ្នានៅ​វិហារសាសនាគ្រឹស្ត​និកាយ​សេនដឺម៉ានី​មួយ​។ គាត់​បាន​ជាប់ឆ្នោត​ជា​សមាជិក Royal Society នៅ​ឆ្នាំ១៨២៤ ត្រូវ​គេ​តែងតាំង​ជា​នាយក​មន្ទីរពិសោធន៍​នៅ​ឆ្នាំ១៨២៥ និងនៅ​ឆ្នាំ១៨៣៣ ត្រូវគេ​តែងតាំង​ជា Fullerian professor of chemistry ពេញ​មួយ​ជីវិត ដោយ​មិន​ចាំបាច់​បង្រៀន​ទេ។
ស្នាដៃផ្នែកវិទ្យាសាស្ត្រ
គីមីវិទ្យា

ការងារ​ផ្នែក​គីមីវិទ្យា​រ​បស់​ហ្វារ៉ាដេយ ចាប់ផ្ដើម​ពេល​ដែល​គាត់​នៅ​ធ្វើជា​ជំនួយការ​របស់​ហាំហ្វ្រី ដារី។ ហ្វារ៉ាដេយ​បាន​សិក្សា​ពិសេស​អំពីក្លរ និង​បាន​រកឃើញ​កាបូនក្លរីត២ប្រភេទ​។ គាត់​ក៏​បាន​ធ្វើ​ការពិសោធន៍​ត្រួសៗ​ជា​លើក​ដំបូង​​អំពី​សំនាយ​ឧស្ម័ន។ បាតុភូត​នេះ​ត្រូវ​បាន​កត់សំគាល់​មុនគេ​ដោយ ចន ដាល់តុន និង​ត្រូវ​បាន​ពន្យល់​បកស្រាយ​​ក្បោះក្បាយ​ដោយ ថូម៉ាស់ ហ្គ្រាហាម (Thomas Graham) និង ចូសេហ្វ ឡូស្មីត (Joseph Loschmidt)​។ ហ្វារ៉ាដេយ​បាន​សំរេច​ធ្វើ​កំនរ​ជា​អង្គធាតុរាវ​​នូវ​ឧស្ម័ន​ជាច្រើន ដូចជា​ក្លរ​ជាដើម។ គាត់​បាន​សង្កេត​ពី​សំលោហៈ​ដែកថែប និង​បាន​បង្កើត​កែវ​ជាច្រើន​ប្រភេទ​​សំរាប់​ប្រើ​ក្នុង​អុបទិច។

ហ្វារ៉ាដេយ​​បាន​បង្កើត​របស់​មួយ​ដែល​ក្រោយ​មក​ប្លែងជា​ចំពុះប៊ុនសិន ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាសាកល​នៅក្នុង​បន្ទប់​ពិសោធ​វិទ្យាសាស្ត្រ​ សំរាប់​ជា​ប្រភព​កំដៅ​ដែល​ងាយ​ប្រើ។ ហ្វារ៉ាដេយ​ធ្វើការ​យ៉ាង​ទូលំទូលាយ​​លើ​ផ្នែក​គីមីវិទ្យា ដោយ​បាន​រកឃើញ​បង់សែន​និង បង្កើត​ប្រព័ន្ធ​ចំនួន​អុកស៊ីតកម្ម។ នៅ​ឆ្នាំ១៨២៩ ហ្វារ៉ាដេយ​​បាន​ធ្វើ​របាយការណ៍​អំពី​​ការធ្វើសំយោគ​អង្គធាតុ​សមាស​​ជា​លើក​ដំបូង​ពី​កាបូន​និង​ក្លរ គឺ C2C6 (អិចសាក្លរ៉ូអេតាន) និង C2Cl4 (តេត្រាក្លរ៉ូអេតាន) និង​បាន​បោះពុម្ព​លទ្ធផល​នេះនៅ​ឆ្នាំ​បន្ទាប់។

ហ្វារ៉ាដេយ​ក៏​បាន​រកឃើញ​ច្បាប់​នានា​​ទាក់ទង​នឹង​អគ្គីសនីវិភាគ និង​បាន​បំផុសបំផុល​​ការប្រើប្រាស់​ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ដែល​ជា​វាក្យស័ព្ទ​បង្កើត​ដោយ វិល្លៀម វីវ៉ែល (William Whewell)។
អគ្គីសនីនិងម៉ាញ៉េទិច

ស្នាដៃ​ដ៏​អស្ចារ្យ​ជាងគេ​របស់​ហ្វារ៉ាដេយ ប្រហែល​ជា​ស្ថិត​ក្នុង​ផ្នែក​អគ្គីសនី​និង​ម៉ាញ៉េទិច​។ ពិសោធន៍​ដំបូងគេ​ដែល​គាត់​ធ្វើ​គឺ ការផលិត​ថ្មពិលវ៉ុលតា ដោយ​តំរៀប​សន្លឹក​ស័ង្កសី​៧​ឆ្លាស់​គ្នា​ជាមួយ​​ក្រដាស​ជ្រលក់​ទឹកអំបិល​​៦​សន្លឹក​។ ដោយ​ប្រើ​ថ្មពិល​នេះ គាត់​បាន​បំបែក​ម៉ាញ៉េស្យូមស៊ុលផាត។

នៅ​ឆ្នាំ​១៨២១ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​រូបវិទូ​និង​គីមីវិទូ​ដាណឺម៉ាក ហាន់ គ្រីស្ទៀន អឺស្តែដ (Hans Christian Ørsted) បាន​រកឃើញ​បាតុភូត​​អេឡិចត្រូម៉ាញ៉េទិច ដាវី​និងវិល្លៀម ហាយ វុល្លាស្តុន (William Hyde Wollaston) បាន​ព្យាយាម​ទាំង​មិនបាន​​សំរេចក្នុង​ការគូរប្លង់​ម៉ូទ័រ​អគ្គីសនី​។ ហ្វារ៉ាដេយ​បាន​ពិភាក្សា​ជាមួយ​អ្នក​ទាំង​២​នោះ និង​បាន​បន្ត​ផលិត​ឧបករណ៍​២​ដែល​បង្កើត​ចលនា​ដែល​គាត់​ហៅ​ថា​​ចលនា​រង្វិល​ម៉ាញ៉េទិច (ចលនាវង់​ដែល​កើត​ពី​កំលាំង​ម៉ាញ៉េទិច​វង់​ជុំវិញ​ខ្សែ​ចំលង​)​។​ ខ្សែចំលង​ដែល​ជ្រលក់​ចូល​ក្នុង​ផើង​បារ៉ត​ដែល​មាន​ដាក់​មេដែក​នៅ​ខាងក្នុង នឹង​វិល​ជុំវិញ​មេដែក​នោះ ប្រសិន​បើ​គេ​ផ្ដល់​ចរន្ត​ពី​ថ្មពិល​ទៅ​អោយ​វា​នោះ។ ឧបករណ៍​នេះ​គេ​អោយ​ឈ្មោះ​ថា ម៉ូទ័រអូម៉ូប៉ូល ។ ពិសោធន៍​និង​របកគំហើញ​នេះ​បាន​ក្លាយជា​គ្រឹះ​របស់​បច្ចេកវិទ្យា​អេឡិចត្រូម៉ាញ៉េទិច​បច្ចុប្បន្ន​។ ហ្វារ៉ាដេយ​​បាន​បោះផ្សាយ​លទ្ធផល​ទាំងនេះ​​ដោយ​មិន​បាន​បញ្ជាក់​ថា​ជា​ការងារ​បន្ត​ពី ដាវី និង វុល្លាស្តុន ហើយ​ដែល​ភាពចំរូងចំរាស់​នេះ​​បាន​ធ្វើ​អោយ​ហ្វារ៉ាដេយ​ដក​ខ្លួន​ពី​ការស្រាវជ្រាវ​អេឡិចត្រូម៉ាញ៉េទិច ជាច្រើន​ឆ្នាំ​។

នៅ​ក្នុង​ដំនាក់កាល​នេះ គេ​មាន​ភស្ដុតាង​ដែល​ថា​ដាវី​​អាច​ព្យាយាម​បង្អាក់​ដំនើរ​របស់​ហ្វារ៉ាដេយ​​ក្នុង​ការក្លាយខ្លួន​ជា​អ្នកវិទ្យាសាស្ត្រ​។ ឧទាហរណ៍​នៅ​ឆ្នាំ​១៨២៥ ដាវី​​បាន​អោយ​ហ្វារ៉ាដេយ​ធ្វើ​ពិសោធ​ពី​កែវអុបទិច ដែល​មិន​បាន​ហុច​លទ្ធផល​ធំដុំ​ឡើយ​ក្នុង​រយៈពេល​៦ឆ្នាំ​។ បន្ទាប់​ពី​មរណភាព​របស់​ដាវី​នៅ​ឆ្នាំ​១៨២៩ ទើប​ហ្វារ៉ាដេយ​ឈប់​ធ្វើ​ការងារ​គ្មាន​បានការ​បែបនេះ និង​ងាក​មក​ធ្វើ​ការប្រឹងប្រែង​លើ​អ្វី​ដែល​មាន​តំលៃ​​អោយ​ធ្វើជាង​។ នៅ​ឆ្នាំ​១៨៣១ គាត់​បាន​ផ្ដើម​ធ្វើ​ពិសោធ​ជាស៊េរី​​ដ៏​អស្ចារ្យ​របស់គាត់ ដែល​ក្នុង​នោះ​គាត់​បាន​រកឃើញ​បាតុភូត អាំងឌុចស្យុងអេឡិចម៉ាញ៉េទិច ។ ចូសេហ្វ ហិនរី ទំនងជា​រកឃើញ​បាតុភូត​អូតូអាំងឌុចស្យុង រយៈពេល​ពីរបី​ខែ​មុន​នេះ។

នៅ​ពេល​ដែល​ហ្វារ៉ាដេយ​រុំ​ខ្សែរបុំ​​ខ្សែចំលង​ដែល​មាន​អ៊ីសូឡង់​ពី​គ្នា ជុំវិញ​កង​ដែក​មួយ គាត់​បាន​រកឃើញ​ថា​មាន​ចរន្តអគ្គីសនី​មួយ​ប៉ប្រិច​កើតឡើង​ក្នុង​របុំ​មួយ​ទៀត​។ គាត់​ហៅ​បាតុភូត​នេះ​ថា អាំងឌុចស្យុងមុយទុយអែល ។ នៅ​ក្នុង​ពិសោធន៍​បន្ទាប់​ទៀត គាត់​បាន​រកឃើញ​ចរន្តអគ្គីសនី​ឆ្លងកាត់​ខ្សែចំលង​​ប្រសិនបើ​គាត់​ផ្លាស់ទី​មេដែក​មួយ​​ក្នុង​របុំ​ខ្សែចំលង ឬ​ពេល​របុំ​ផ្លាស់ទី​លើ​មេដែក​នៅ​នឹង​ថ្កល់។ គាត់​បាន​ស្រាយបញ្ជាក់​ថា ដែន​ម៉ាញ៉េទិច​ប្រែប្រួល បង្កើត​ដែនអគ្គីសនី ដូច​មាន​ចែងនៅក្នុង​ច្បាប់ហ្វារ៉ាដេយ ។ ហ្វារ៉ាដេយ​បាន​ប្រើ​គោលការណ៍​នេះ​​ក្នុង​ការផលិត​ឌីណាម៉ូ​អគ្គីសនី ដែល​ជា​បុព្វបុរស​របស់​ម៉ាស៊ីនភ្លើង​សព្វថ្ងៃ។

នៅ​ឆ្នាំ​១៨៣៩ ហ្វារ៉ាដេយ​​បាន​សំរេច​ស៊េរី​ពិសោធន៍​​ក្នុង​គោលដៅ​​ស្វែងរក​ធម្មជាតិ​គ្រឹះ​របស់​អគ្គីសនី​។ គាត់​បាន​ប្រើ អេឡិចត្រូស្តាទិច បាត់តឺរី និង អគ្គីសនីក្នុងសត្វ ដើម្បី​បង្កើត​បាតុភូត​ទំនាញ​អេឡិចត្រូស្តាទិច អគ្គីសនីវិភាគ ម៉ាញ៉េទិច ជាដើម។ គាត់​បាន​ធ្វើ​ការសន្និដ្ឋាន​ថា គំនិត​នៅ​សម័យ​នោះ​ដែល​ថា​មាន​ប្រភេទ​អគ្គីសនី​ច្រើន​ប្រភេទ​​នោះ វា​មិន​ពិត​ទេ។ ផ្ទុយទៅវិញ​គាត់​បាន​ស្នើ​ឡើង​ថា មាន​អគ្គីសនី​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​បំរែបំរួល​តំលៃ​ទំហំ និង​អាំងតង់ស៊ីតេ អាច​បង្កើត​ជាបាតុភូត​ច្រើន​យ៉ាង​។

នៅ​ចុង​អាជីព​របស់​គាត់ ហ្វារ៉ាដេយ​បាន​ស្នើឡើង​ថា​កំលាំង​អេឡិចត្រូម៉ាញ៉េទិច​​រីក​ចូល​ទៅ​ក្នុង​លំហ​ទទេ​ជុំវិញ​អង្គធាតុចំលង​។ គំនិត​នេះ​​ត្រុវបាន​អ្នកវិទ្យសាស្ត្រ​ស្នង​គាត់​បដិសេដ ហើយ​ហ្វារ៉ាដេយ​​មិន​អាច​រស់​នៅ​មើល​ឃើញ​ពេល​ដែល​គំនិត​គាត់​នេះ​ត្រូវ​គេ​ទទួល​យក​នៅ​ពេល​ក្រោយមក​ទេ​។ គំនិត​របស់​ហ្វារ៉ាដេយ​​ពី​ខ្សែ​ហ្វ្លុច​ចេញ​ពី​អង្គធាតុ​ផ្ទុក​បន្ទុកអគ្គីសនី​​និង​មេដែក ជួយ​អោយ​គេ​ស្រមើមើល​ដែនអគ្គីសនី​និង​ម៉ាញ៉េទិច​។

ដ្យាម៉ាញ៉េទិច

អង្គធាតុហោះឡើងដោយដ្យាម៉ាញ៉េទិច

នៅ​ឆ្នាំ​១៨៤៥ ហ្វារ៉ាដេយ​​បាន​រកឃើញ​ថា​​រូបធាតុ​ជាច្រើន​ទទួល​រង​កំលាំង​ច្រាន​ចេញ​យ៉ាង​ខ្សោយ​​មួយ​ពី​ដែនម៉ាញ៉េទិច​។ គាត់​បាន​ហៅ​បាតុភូត​នេះ​ថា ដ្យាម៉ាញ៉េទិច ។

ហ្វារ៉ាដេយ​ក៏​បាន​រកឃើញ​ផងដែរ​ថា​​ប្លង់​ប៉ូលកម្ម​របស់​ពន្លឺ​មាន​ប៉ូល​លីនេអ៊ែរ​ អាច​បង្វិល​បាន​ដោយ​ប្រើ​ដែនម៉ាញ៉េទិច​ស្រប​នឹង​ទិសដៅ​របស់​ពន្លឺ​ផ្លាស់ទី​។ គេ​អោយ​ឈ្មោះ​បាតុភូត​នេះ​ថា ផលហ្វារ៉ាដេយ ។ បាតុភូត​នេះ​បង្ហាញ​ថា​កំលាំងម៉ាញ៉េទិច​និង​ពន្លឺ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​។

នៅ​ឆ្នាំ​១៨៦២ ហ្វារ៉ាដេយ​បាន​ប្រើ​ស្ពិចត្រូទស្សន៍​ក្នុង​ការស្រាវជ្រាវ​ពី​ទំរង់​ផ្សេងៗ​របស់​ពន្លឺ ក្រោម​ឥទ្ធិពល​ដែនម៉ាញ៉េទិច​។ ប៉ុន្តែ​ឧបករណ៍​ដែល​គាត់​ប្រើ​មិន​គ្រប់គ្រាន់​ក្នុង​ការកំនត់​បំរែបំរួល​​ស្ពិច​ច្បាស់លាស់​​មួយ​ទេ​។ ភីធើរ ហ្ស៊ីម៉ាន់ (Pieter Zeeman) ក្រោយ​មក​បាន​ប្រើ​ឧបករណ៍​ទំនើប​ជាង​ដើម្បី​សិក្សា​ពី​​បាតុភូត​ដដែល​នេះ និង​បាន​បោះផ្សាយ​លទ្ធផល​នៅ​ឆ្នាំ​១៨៩៧ និង​ទទួល​បាន​រង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​នៅ​ឆ្នាំ​១៩០២​សំរាប់​ស្នាដៃ​នេះ​។

ពិសោធន៍ពីឥទ្ធិពលខែលហ្វារ៉ាដេយ

នៅ​ក្នុង​ផ្នែក​អេឡិចត្រូស្តាទិច ហ្វារ៉ាដេយ​​បាន​បង្ហាញ​ថា​​បន្ទុកអគ្គីសនី​ដែល​មាន​នៅ​លើ​ផ្ទៃ​ខាងក្រៅ​ឬ​នៅ​ក្រៅ​អង្គធាតុ​ចំលង​អគ្គីសនី​មួយ គ្មាន​ឥទ្ធិពល​ទៅ​លើ​អ្វីៗដែល​​នៅ​ក្នុង​អង្គធាតុ​ចំលង​នោះ​ទេ​។ នេះ​បណ្ដាល​មក​ពី​បន្ទុក​ដែល​នៅ​ផ្ទៃ​ខាងក្រៅ​រាយប៉ាយ​ក្នុង​របៀប​មួយ​ដែល​​ដែន​របស់វា​ក្នុង​អង្គធាតុ​នោះ​​ទូទាត់​គ្នា។ បាតុភូត​នេះត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា ខែលហ្វារ៉ាដេយ។

ហ្វារ៉ាដេយ​ជា​អ្នកពិសោធ​ដ៏​ពូកែ​​ដែល​ពន្យល់​គំនិត​នានា​របស់​គាត់​​បាន​ច្បាស់​​ដោយ​ប្រើ​ភាសា​សមញ្ញៗ​។ ប៉ុន្តែ​សមត្ថភាព​គណិតវិទ្យា​របស់​គាត់​​បាន​ត្រឹម​តែ​ពិជគណិត​ងាយៗ មិនដល់​ត្រីកោណមាត្រ​ផង។ គឺ ចេម ឃ្លើក ម៉ាកស្វែល (James Clerk Maxwell) ដែល​បាន​យក​ស្នាដៃ​របស់​ហ្វារ៉ាដេយ​​និង​អ្នក​ដទៃ​ទៀត​ ទៅ​ចងក្រង​បញ្ចូលគ្នា​ដើម្បី​បង្កើត​ជា​សំនុំ​សមីការ​ដែល​គេ​ស្គាល់​ថា​ជា​សមីការម៉ាកស្វែល សំរាប់​ពន្យល់​រាល់​ទ្រឹស្ដីបទ​ទំនើបៗ​ក្នុង​អេឡិចត្រូម៉ាញ៉េទិច។
សាយ័ន្តវ័យ

នៅ​ខែមិថុនា ១៨៣២ ​សាកលវិទ្យាអក់ហ្វដ​​បាន​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​ច្បាប់ស៊ីវិល (សញ្ញាប័ត្រ​កិត្តិយស) ដល់​ហ្វារ៉ាដេយ។ ក្នុង​ជីវីត​របស់​ហ្វារ៉ាដេយ គាត់​បាន​បដិសេដងារ knighthood (អគ្គមហាសេនា) ម្ដង​និង តំនែង​ជា​ប្រធាន Royal Society ២​ដង។

ហ្វារ៉ាដេយ​បាន​បដិសេដ​មិន​ចូល​រួម​ផលិត​អាវុធ​គីមី​សំរាប់​ប្រើ​ក្នុង​សង្គ្រាមគ្រីមៀ ក្រោមមូលហេតុក្រម​សីលធម៌​។

ហ្វារ៉ាដេយ​បាន​ទទួល​មរណភាព​នៅ​ក្នុង​ផ្ទះ​របស់​លោក នៅ Hampton Court នៅ​ថ្ងៃទី២៥ សីហា ១៨៦៧ នៅអាយុ​៧៦​ឆ្នាំ​។

ប្រែសំរួលដោយ គីមស៊្រុន

ដកស្រង់ពី វីគីភីឌាភាសាខ្មែរ

អង់រីកូ ហ្វែរមី

ប្រហែលជាមាន​ជនជាតិ​ខ្មែរ​តិចណាស់​ដែល​ស្គាល់​អ្នកប្រាជ្ញម្នាក់នេះ។ ថ្ងៃនេះ ខ្ញុំសូមណែនាំ​អោយស្គាល់ រូបវិទូអ៊ីតាលី ដែលត្រូវបាន​អ្នកសិក្សា​រូបវិទ្យាស្ដីពីភាគល្អិត និង សឺមីកុដឌុចទ័រ​ស្គាល់។ គាត់ឈ្មោះ អង់រីកូ ហ្វែរមី។

អង់រីកូ ហ្វែរមី (Enrico Fermi) (២៩ កញ្ញា ១៩០១ – ២៨ វិច្ឆិកា ១៩៥៤) ជាអ្នកប្រាជ្ញ​រូបវិទ្យា​ជនជាតិអ៊ីតាលី ដែលត្រូវ​បានគេស្គាល់​តាមរយៈ​ស្នាដៃ​​របស់លោក​ក្នុង​ការអភិវឌ្ឍន៍​​រេអាក់ទ័រ​នុយក្លេអ៊ែរ​ដំបូងគេ។ លោកក៏បាន​រួមចំនែក​ក្នុងការអភិវឌ្ឍន៍ ទ្រឹស្ដីកង់ទិច រូបវិទ្យានុយក្លេអ៊ែរ រូបវិទ្យាអំពីភាគល្អិត មេកានិចស្ថិតិ ផងដែរ។ ហ្វែរមី​​ត្រូវបាន​គេផ្ដល់​​រង្វាន់ណូបែល​ផ្នែករូបវិទ្យា នាឆ្នាំ១៩៣៨។ លោកត្រូវ​បានគេ​ចាត់ទុក​ជាអ្នកវិទ្យាសាស្ត្រ​កំពូលម្នាក់​​នៅស.វទី២០។ គាត់ក៏ត្រូវ​បាន​គេ​ទទួលស្គាល់​ផង​ដែរ​ថា​ជា​អ្នករូបវិទ្យា​តែម្នាក់គត់​ ដែលទទួល​បានជោគជ័យ​ត្រចះត្រចង់​ទាំងផ្នែក​ទ្រឹស្ដីនិង​ផ្នែកពិសោធន៍។ ហ្វែរមីញ៉ូម​​ជាធាតុគីមី​បង្កើត​​ឡើង​នៅឆ្នាំ១៩៥២ ត្រូវបាន​ដាក់ឈ្មោះ​តាមលោក។
កុមារភាព

អង់រីកូ ហ្វែរមី ចាប់កំនើត​នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ឪពុក​របស់លោក​ឈ្មោះ អាល់បែរតូ ហ្វែរមី ជាអគ្គស្នងការ​នៃក្រសួង​ទំនាក់ទំនង ឯម្ដាយ​របស់លោក​ឈ្មោះ អ៊ីដា ដឺ ហ្គាតទីស ជាគ្រូបង្រៀន​នៅសាលាបឋម។ កាលពីក្មេង លោកចូលចិត្ត​រៀនរូបវិទ្យា និង គណិតវិទ្យា ដូចបងប្រុស​របស់លោកដែរ។ ពេលដែល​បងប្រុស​របស់លោក​​ទទួលមរណភាព​ដោយមិនបាន​រំពឹងទុក​ ដោយ​ជំងឺដុះសាច់​ក្នុងបំពង់ក​​នៅឆ្នាំ១៩១៥, អង់រីកូ មានការឈឺចាប់​យ៉ាងខ្លាំង ហើយបាន​បូជាខ្លូនឯង​ទៅក្នុង​ការសិក្សា​ផ្នែកវិទ្យាសាស្ត្រ។ តាមកំនត់ត្រា​ផ្ទាល់ខ្លួន​របស់លោក ជារៀងរាល់ថ្ងៃ​លោកតែង​ដើរកាត់មុខ​មន្ទីរពេទ្យ​​ដែលបងប្រុស​របស់លោក​ទទួល​មរណភាព រហូត​ដល់ស៊ាំនឹង​សេចក្ដីឈឺចាប់។ សៀវភៅរូបវិទ្យា​ដំបូងគេ​របស់លោក ត្រូវបាន​លោករកបាន​នៅក្នុងផ្សារមួយ​នៅរ៉ូម៉ា។ សៀវភៅ​នោះឈ្មោះថា Elementorum physicae mathematicae (រូបវិទ្យានិងគណិតវិទ្យាបឋម) ដែលនិយាយ​អំពី​មុខវិជ្ជា​ផ្សេងៗមាន គណិតវិទ្យា មេកានិចក្លាស់សិច តារាវិទ្យា អុបទិច និង អាគូស្ទិច។ សៀវភៅ​នោះមាន​ចំនួន៩០០ទំព័រ សរសេរ​ជាភាសាឡាតាំង ដោយលោកឪពុក អង់ឌ្រា ការ៉ាហ្វា (សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យរ៉ូម៉ាណូ)។ ហ្វែរមី​បានរៀនសូត្រ​យ៉ាងជ្រៅជ្រះ​ពីក្នុងសៀវភៅនោះ។ ក្រោយមកទៀត អងរីកូ ហ្វែរមី បានក្លាយជា​មិត្តរបស់​សិស្សវិទ្យាសាស្ត្រ​ម្នាក់ទៀតឈ្មោះ អង់រីកូ ពែរស៊ីកូ ហើយពួកគេ​​ទាំង២​នាក់​បានរួមគ្នា​ធ្វើការលើ​គំរោង​វិទ្យាសាស្ត្រ​ជាច្រើន ដូចជា ការសាងសង់ហ្គីរ៉ូទស្សន៍ និងវាស់ដែន​​ម៉ាញ៉េទិចរបស់ផែនដី។ ចំនូលចិត្ត​លើ​ផ្នែករូបវិទ្យា​របស់​ហ្វែរមី ត្រូវបានជំរុញដោយ​មិត្តម្នាក់របស់​ឪពុកលោក ឈ្មោះ អាឌុលហ្វូ អាមីដេ ដែលតែងតែ​ផ្ដល់ដល់លោកនូវ​សៀវភៅ​រូបវិទ្យា​និង​គណិតវិទ្យាជាច្រើន។ លោកអាចអាន​និងចងចាំ​ខ្លឹមសារសៀវភៅ​ទាំងនោះបានក្នុង​រយៈពេល​​យ៉ាងខ្លី។
Scuola Normale Superiore នៅទីក្រុង ពីសា

នៅឆ្នាំ១៩១៨ ហ្វែរមី​បានចុះឈ្មោះ​ចូលរៀន​នៅសាលា​ដែលមាន​ឈ្មោះ​ល្បីមួយឈ្មោះ Scuola Normale Superiore នៅទីក្រុង ពីសា ដែលនៅទីនោះ​លោកបាន​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បណ្ឌិតរបស់លោក។ ដើម្បីចូលរៀន​នៅសាលានោះ បេក្ខជន​ត្រូវតែ​ឆ្លងកាត់​ការប្រលង​ចូលរៀន​ដែលតំរូវអោយ​សរសេរអត្ថបទ​សាកល្បងមួយ។ អត្ថបទសាកល្បង​របស់ហ្វែរមី សរសេរលើ​ប្រធានបទ «លក្ខណៈសំគាល់របស់សំលេង»។ ហ្វែរមី​​ដែលនៅពេលនោះ​ទើបមាន​អាយុ១៧ឆ្នាំនៅឡើយ បាន​ជ្រើសរើស​ទាញរក​និងដោះស្រាយ​​សមីការឌីផេរ៉ង់ស្យែល​ដោយផ្នែក​​នៃរលកលើខ្សែ ដោយប្រើគណិតវិទ្យាវិភាគហ្វួរីយ៉េ។ មេប្រយោគ​ដែលសំភាសលោក បានសរសើរ​ពីអត្ថបទ​សាកល្បងរ​បស់លោក ហើយបាន​លើកតំកើងថា​​វាសឹងតែសក្តិសមសំរាប់ជា​សារណា​បញ្ចប់ថ្នាក់បណ្ឌិតផង។ អង់រីកូ ហ្វែរមី​បានឆ្លងកាត់ការប្រលងចូល ក្នុងលំដាប់ទី១។ នៅពេលសិក្សានៅ Scuola Normale Superiore ហ្វែរមី​បានធ្វើជា​មិត្តជាមួយ​សិស្សម្នាក់ទៀតឈ្មោះ ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) ដែលជា​មិត្តលេងសើច​របស់លោក។ ក្រោយមកពួកគេ​ទាំង២បានក្លាយជា​មិត្តស្និទ្ឋស្នាល​​និងជាសហការីគ្នា។

ក្រៅពីរៀន​នៅថ្នាក់ធម្មតា អង់រីកូ ហ្វែរមីតែងឆ្លៀតពេល​ធ្វើការសិក្សា​បន្ថែមលើ​កម្មវិធីសិក្សា ជាពិសេស​ដោយមាន​ជំនួយ​ពីមិត្ត​របស់លោកឈ្មោះ អង់រីកូ ពែរស៊ីកូ (Enrico Persico) ដែលនៅរៀន​នៅសាកលវិទ្យាល័យ​មួយនៅរ៉ូម។ ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៣ ហ្វែរមីបានសិក្សាពី រ៉ឺឡាទីវីតេទូទៅ មេកានិចកង់ទិច និង រូបវិទ្យាអាតូមិច។ ចំនេះដឹង​ស្ដីពី​មេកានិចកង់ទិច​របស់លោក បានឡើងកំរិតខ្ពស់ រហូតដល់​ប្រមុខវិទ្យាស្ថាន​រូបវិទ្យា​គឺលោកសាស្ត្រាចារ្យ ល្វីហ្គី ពុសស្យានទី (Luigi Puccianti) បានហៅ​លោកអោយបើក​សិក្ខាសាលា​មួយអំពីប្រធានបទនេះ។ ​នៅក្នុងកំឡុងពេលនោះ លោកបានរៀនពី គណិតវិទ្យា​វិភាគតង់ស័រ ដែលជាផ្នែក​នៃគណិតវិទ្យាបង្កើតដោយ ហ្គ្រេហ្គូរ្យូ រីសស៊ី (Gregorio Ricci) និង ទុលល្យូ លេវី ស៊ីវីតា (Tullio Levi-Civita) ក្នុងការបកស្រាយ​ពីគោលការណ៍​នានា​ក្នុងរ៉ឺឡាទីវីតេទូទៅ។ នៅឆ្នាំ១៩២១ ពេលហ្វែរមី​នៅជា​និស្សិតឆ្នាំទី៣ លោកបាន​បោះពុម្ភ​ស្នាដៃ​ផ្នែកវិទ្យាសាស្ត្រ​របស់លោក​ជាលើកដំបូង ក្នុងទស្សនាវដ្ដីអ៊ីតាលី ឈ្មោះ Nuovo Cimento។ អត្ថបទ​ដំបូងរបស់​លោកមាន​ចំនងជើងថា «ស្ដីអំពី​ឌីណាមិច​នៃប្រព័ន្ឋ​សូលីដ​នៃ​បន្ទុកអគ្គីសនី​ក្នុងលក្ខខណ្ឌអន្តរកាល»។ អត្ថបទទី២​មានចំនងជើងថា «ស្ដីអំពី​អេឡិចត្រូស្តាទិច​នៃដែនទំនាញ​ឯកសណ្ឋាន​នៃបន្ទុក​អេឡិចត្រូម៉ាញ៉េទិច និងស្ដីអំពីទំងន់​របស់បន្ទុកអេឡិចត្រូម៉ាញ៉េទិច»។ បើគេមើល​តែមួយភ្លែត អត្ថបទទី១​​របស់លោក​​ហាក់ដូចជា​មាន​ការមិនចុះសំរុងគ្នា​រវាង​ទ្រឹស្ដីអេឡិចត្រូឌីណាមិចនិង ទ្រឹស្ដីរ៉ឺឡាទីវីស ទាក់ទិន​នឹង​ការគណនា​ម៉ាស់អេឡិចត្រូម៉ាញ៉េទិច។ បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​ក្នុងការធ្វើការលើ «កំនែលំអ​នៃភាពមិនចុះសំរុងគ្នា​រវាងទ្រឹស្ដី​អេឡិចត្រូម៉ាញ៉េទិចនិង ទ្រីស្ដីរ៉ឺឡាទីវីស​ស្ដីពីបន្ទុកអេឡិចត្រូម៉ាញ៉េទិច។ និចលភាព​និង​ទំងន់អគ្គីសនី» អង់រីកូ ហ្វែរមី​បានរកឃើញ​ភាពត្រឹមត្រូវ​របស់អត្ថបទមុនរបស់លោក។ អត្ថបទ​ចុងក្រោយ​របស់លោក​បានទទួល​ជោគជ័យ​យ៉ាងត្រចះត្រចង់ រហូត​ដល់ត្រូវបាន​គេបកប្រែ​ជាភាសាអាល្លឺម៉ង់ និងត្រូវបាន​គេបោះពុម្ភ​ក្នុងទស្សនាវដ្ដី​វិទ្យាសាស្ត្រ​អាល្លឺម៉ង់ដ៏ល្បីឈ្មោះ Physikalische Zeitschrift។

នៅឆ្នាំ១៩២២ ហ្វែរមី​បានបោះពុម្ភ​អត្ថបទ​មួយមាន​ចំនងជើងថា «ស្ដីពី​បាតុភូត​កើតឡើង​នៅក្បែរ​បន្ទាត់​ពេលវេលា» ដែល​នៅក្នុងនោះ​លោកបាន​ណែនាំ​ពីអ្វី​ដែលគេ​ហៅថា កូអរដោនេ​ហ្វែរមី និងបាន​ស្រាយបញ្ជាក់ថា​នៅក្បែរ​បន្ទាត់​ពេលវេលា លំហ​មានលក្ខណៈ​ជាលំហ​អឺគ្លីត។ នៅឆ្នាំ១៩២២ ហ្វែរមី​បានបញ្ចប់​ការសិក្សានៅ Scuola Normale Superiore។

នៅឆ្នាំ១៩២៣ ពេលកំពុង​សរសេរ​សេចក្ដីបន្ថែម​អោយសៀវភៅ​បោះពុម្ភ​ជាភាសាអ៊ីតាលី ចំនងជើងថា «កំនរកំនើត​រ៉ឺឡាទីវីតេ​របស់អែងស្តែង» សរសេរដោយ A. Kopff, អង់រីកូ ហ្វែរមី បានរកឃើញ​ជាលើកដំបូងនូវ ភាពពិត​ដែលថា​ក្រៅពី​សមីការអែងស្តែងដ៏ល្បី (E=mc^2 \;) នៅមាន​បរិមាណថាមពល​ដ៏មហិមា (ថាមពលនុយក្លេអែរ) ដែលគួរតែ​យកជា​ប្រយោជន៍បាន។

អ្នកប្រឹក្សា​ថ្នាក់បណ្ឌិត​របស់ហ្វែរមីគឺ បណ្ឌិត ល្វីហ្គី ពុសស្យានទី។ នៅឆ្នាំ១៩២៤ ហ្វែរមី​បានចំនាយពេល​មួយឆមាស​នៅហ្គឺតថីនហ្គេន ហើយបាន​ស្នាក់នៅ​ប៉ុន្មានខែ​នៅឡៃដេន ជាមួលលោក ផោល អេរេនហ្វេស្ត (Paul Ehrenfest)។ ចាប់ពី​ខែមករា​ឆ្នាំ១៩២៥ ដល់​រដូវស្លឹកឈើជ្រុះ​ឆ្នាំ១៩២៦ លោកស្នាក់នៅ​សាកលវិទ្យាល័យហ្វ្លូរ៉ង់។ នៅក្នុង​កំឡុង​ពេលនោះ លោកបាន​ធ្វើការលើ ស្ថិតិហ្វែរមី-ឌីរ៉ាក់ (ឬរបាយហ្វែរមី-ឌីរ៉ាក់។ នៅពេល​លោកមាន​អាយុ២៤ឆ្នាំ លោកបាន​ទទួលឋានៈ​ជាសាស្ត្រចារ្យ​​នៅសាកលវិទ្យាល័យរ៉ូម (នាំមុខគេ​ផ្នែករូបវិទ្យា​អាតូមិច​នៅអ៊ីតាលី) ដែលនៅទីនោះ​លោកបាន​ឈ្នះការប្រកូត​មួយដែល​រៀបចំដោយ​លោកសាស្ត្រាចារ្យ អរសូ ម៉ារីយ៉ូ ករប៊ីណូ (Orso Mario Corbino) នាយក​វិទ្យាស្ថាន​រូបវិទ្យា។ ករប៊ីណូ​បានជួយ​ហ្វែរមី​ក្នុងការជ្រើសរើស​ក្រុមការងារ​ ដែលប្រមូលផ្ដុំ​ដោយមនុស្សពូកែៗ​មាន អេដូអារដូ អាម៉ាល់ឌី (Edoardo Amaldi), ប៊្រុយណូ ប៉ុងតេករវ៉ូ (Bruno Pontecorvo), ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) និង អេមីល្យូ សេហ្គ្រែ (Emilio Segrè)។ ចំពោះ​ការសិក្សា​ផ្នែកទ្រឹស្ដី មាន​ការចូលរួម​ផងដែរពី អេតូរ៉េ ម៉ាចូរ៉ាណា (Ettore Majorana) ។ ក្រុមការងារ​នេះធ្វើការ​លើការពិសោធន៍​ល្បីៗ​របស់ខ្លួន ប៉ុន្តែនៅឆ្នាំ១៩៣៣ រ៉ាសិតទី បានចាកចោល​​អ៊ីតាលី​ទៅនៅ​​កាណាដា​​និងអាមេរិកបាត់ ចំនែក​ប៉ុងតេករវ៉ូ បានចេញ​ទៅបារាំង ហើយសេហ្គ្រែ​បានចេញទៅ​បង្រៀននៅប៉ាឡែម៉ូ។

នៅក្នុង​កំឡុងពេល​ដែលពួកគេ​នៅជុំគ្នានៅរ៉ូម ក្រុមការងារ​នេះបានរួមចំនែក​យ៉ាងសំខាន់​ក្នុង​រូបវិទ្យា​ទ្រឹស្ដីនិងអនុវត្តន៍។ នៅក្នុងនោះ​មាន ទ្រឹស្ដីបទបំពុកបេតា និងរបកគំឃើញ​ណឺត្រុងយឺត ដែលគេអាច​ប្រើជាស្នូល​ក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។ ពួកគេ​បានបំផ្ទុះ​ជាច្រវាក់​នូវធាតុគីមី​នានាដោយប្រើ​ណឺត្រុងយឺត ហើយក្នុង​ការពិសោធន៍​ជាមួយអ៊ុយរ៉ានីញ៉ូម ពួកគេ​បានរកឃើញ​ប្រតិកម្ម​បន្ទុះនុយក្លេអ៊ែរ។ នៅពេលនោះ​បន្ទុះនុយក្លេអ៊ែរ​ត្រូវបានគេ​គិតថា​មិនអាច​ធ្វើទៅបានទេ បើយោង​តាមទ្រឹស្ដី។ ខណៈ​មនុស្ស​គ្រប់គ្នា​គិតថា​ធាតុដែល​មានលេខអាតូម​ខ្ពស់ជាង​កើតឡើង​ពីបំផ្ទុះណឺត្រុង​ នៃធាតុស្រាល​ជាងនោះ គ្មាននរណា​ម្នាក់ជឿថា​ណឺត្រុង​អាចមាន​ថាមពល​គ្រប់គ្រាន់​ក្នុងការបំបែក​ អាតូម​ធ្ងន់ៗ​​ជា២ចំនែកបានទេ។

ហ្វែរមី​ល្បីខាង​ដោះស្រាយ​ចំនោទតាមរបៀបសាមញ្ញ។ គាត់ចាប់ផ្ដើម​ការបកស្រាយ​ដោយឃ្លាគណិតវិទ្យាងាយៗ និងទាញ​ទៅរកចំលើយ​ទាំងស្រុង។ សមត្ថភាព​របស់លោក​ក្នុងនាមជា​អ្នកវិទ្យាសាស្ត្រ​ដ៏មហិមា ក្នុងការច្របាច់​បញ្ចូលគ្នា​នូវរូបវិទ្យាទ្រឹស្ដី​និងរូបវិទ្យានុយក្លេអ៊ែរ​អនុវត្ត ត្រូវបានគេ​គ្រប់គ្នាទទួលស្គាល់។ លោកមាន​ឥទ្ឋិពល​ទៅលើ​អ្នករូបវិទ្យា​ជាច្រើន​ដែលបាន​ធ្វើការ​ជាមួយលោក តួយ៉ាង​ដូចជាលោក ហាន់ស៍ បេតេ ( Hans Bethe) ដែលបាន​ចំនាយពេល​២ឆមាស​ធ្វើការជាមួយ​លោក។ តាំងពី​កុមារភាព ហ្វែរមី​កត់ចូល​យ៉ាងល្អិតល្អន់​នូវរាល់​ការគណនា​របស់លោក​​ចូលទៅក្នុង​សៀវភៅសរសេរ។ លោកថែមទាំង​បានដោះស្រាយ​ចំនោទថ្មីៗ​​ដែលលោក​ជួបប្រទះ​ ដោយប្រើ​ចំលើយ​ពីចំនោទ​មុនៗ។

នៅពេលដែល​ហ្វែរមី​បានដាក់​​សារណា​ដ៏ល្បីរបស់​លោកស្ដីពី បំពុកបេតា ទៅទស្សនាវដ្ដី​ដ៏ល្បីឈ្មោះ Nature, និពន្ឋនាយក​របស់​ទស្សនាវដ្ដី​នោះបានបដិសេដ​មិនបោះផ្សាយ​​ព្រោះ សារណានោះ​មានទ្រឹស្ដី​ជាច្រើន​ដែលស្ថិត​នៅឆ្ងាយពេក​ពីការពិត។ ហេតុនេះ​គេឃើញទ្រឹស្ដីនេះ​ត្រូវបាន​បោះពុម្ភផ្សាយជា​ភាសាអ៊ីតាលីនិង​ភាសាអាល្លឺម៉ង់ ​មុនភាសាអង់គ្លេស។ ទីបំផុត Nature បានសំរេច​បោះពុម្ភ​របាយការណ៍​របស់ហ្វែរមី​ស្ដីពីបំពុកបេតានៅថ្ងៃទី១៦ មករា ១៩៣៩។
គំរោងម៉ាន់ហាថាន់

ហ្វែរមី​​រស់នៅ​ទីក្រុងរ៉ូមរហូត​ដល់ឆ្នាំ១៩៣៨។ នៅឆ្នាំនោះ ហ្វែរមី (អាយុ៣៧ឆ្នាំ) បានទទួល​រង្វាន់ណូបែល​ផ្នែករូបវិទ្យា សំរាប់​បំនកស្រាយ​របស់លោក​អំពីអត្ថិភាព​នៃធាតុ​វិទ្យុសកម្ម​ថ្មីដែល​កើតពី​បន្សាយណឺត្រុង និងសំរាប់​របកគំឃើញ​របស់លោក​អំពីប្រតិកម្ម​នុយក្លេអ៊ែរ​បណ្ដាលពី​ណឺត្រុងយឺត។

បន្ទាប់ពី​ហ្វែរមី​បានទទួលរង្វាន់​ណូបែលនៅស្តុកហូមរួចមក ខ្លូនលោក ភរិយា (ឡូរ៉ា) និងកូនចៅរបស់លោក បានធ្វើ​អន្តោប្រវេសន៍​ទៅញូយ៉ក។ នេះបណ្ដាល​មកពីច្បាប់ របស់របប​ហ្វាស៊ីសរបស់ បេនីតូ មូសូលីនី ដែលបាន​គំរាមគំហែង​ឡូរ៉ា​ដែលជា​ជនជនជ្វីហ្វ។

ភ្លាមៗ​បន្ទាប់ពីលោក​មកដល់ញូយ៉ក លោកបាន​ចូលបំរើការ​នៅសាកលវិទ្យាល័យកូឡុំបៀ។

នៅខែធ្នួ ១៩៣៨ អ្នកគីមីវិទ្យា​អាល្លឺម៉ង់ឈ្មោះ អុតតូ ហាន (Otto Hahn) និង ហ្វ្រីត ស្ត្រាស់ម៉ាន់ (Fritz Strassmann) បានផ្ញើ​សំនេរមួយទៅកាន់ Naturwissenschaften រាយការណ៍​ថាពួកគេ​បានរកឃើញ​ធាតុ បារ្យូម បន្ទាប់ពី​បំផ្ទុះអ៊ុយរ៉ានីញ៉ូម​ដោយណឺត្រុង។ នៅពេលដដែលនោះ ពួកគេបាន​ទាក់ទងទៅ លីស ម៉ៃតណឺ (Lise Meitner) ពីលទ្ឋផលនេះ។ ម៉ៃតណឺ​និងក្មួយប្រុសឈ្មោះ អុតតូ រ៉ូបឺត ហ្វ្រីស (Otto Robert Frisch) បានបកស្រាយថា​លទ្ឋផល​ដែលបាននោះ​ជាបន្ទុះនុយក្លេអ៊ែរ។ ហ្វ្រីស​បានបញ្ជាក់ពី​លទ្ឋផលនេះ​ដោយពិសោធន៍​នៅថ្ងៃទី១៣ មករា ១៩៣៩។ នៅឆ្នាំ១៩៤៤ អុតតូ ហាន បាន​ទទួលរង្វាន់​ណូបែល​ផ្នែកគីមីវិទ្យា សំរាប់​របកគំឃើញ​បន្ទុះនុយក្លេអ៊ែរ។

ការងារទាំងអម្បាល​បាននេះ​បានឆ្លងមហាសមុទ្រ​អាត្លង់ទិច​ទៅក្នុងដៃ ណែល បរ (Niels Bohr) ដែលជា​គ្រូបង្រៀន​នៅសាកលវិទ្យាល័យ​ព្រីនស្តុន។ អ៊ីស៊ីដរ អ៊ីសាក់ រ៉ាប៊ី (Isidor Isaac Rabi) និង វិល្លីស ឡាំ (Willis Lamb) ដែលជា​អ្នករូបវិទ្យា​របស់សាកលវិទ្យាល័យកូឡុំបៀ ធ្វើការនៅ​សាកលវិទ្យាល័យព្រីនស្តុន បានលឺនិងនាំ​ដំនឹងនេះទៅប្រាប់ហ្វែរមី។ អ្នកវិទ្យាសាស្ត្រ​នៅសាកលវិទ្យាល័យ​កូឡុំបៀ​ដឹងច្បាស់ណាស់ថា​ពួកគេ​ គួរតែ​ព្យាយាម​ស៊ើបអង្កេត​ពីថាមពល​ដែលបានពី​បន្ទុះនុយក្លេអ៊ែរ​នៃអ៊ុយរ៉ានីញ៉ូម ពីការបំផ្ទុះណឺត្រុង។ នៅថ្ងៃទៅ២៥ មករា ១៩៣៩ ក្រុមអ្នកវិទ្យាសាស្ត្រ​នៅសាកលវិទ្យាល័យកូឡុំបៀ​ បានធ្វើការ​ពិសោធន៍បន្ទុះនុយក្លេអ៊ែរ​ជាលើកដំបូងនៅសហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះមាន ហឺរបឺត ល. អាន់ដឺសុន (Herbert L. Anderson), អ័យហ្គេនេ ត. ប៊ូស (Eugene T. Booth), ចន រ. ដាន់នីង (John R. Dunning), អង់រីកូ ហ្វែរមី, ហ្គ. ណូរីស ហ្គ្លាសូ (G. Norris Glasoe), និង ហ្វ្រាន់ស៊ីស ហ្គ. ស្លាក់ (Francis G. Slack)។ ក្រោយមក​ហ្វែរមីបានទៅកាន់​សាកលវិទ្យាល័យជីកាហ្គោ និងចាប់ផ្ដើម​ធ្វើការសិក្សា​រហូតដល់បានស្ថាបនា​ថ្មពិលនុយក្លេអ៊ែរទី១គឺ Chicago Pile-1 (ជីកាហ្គោ ថ្មពិល-១)។

ហ្វែរមី​បានរំលឹក​ពីការចាប់ផ្ដើម​គំរោងនេះ នៅក្នុងសន្ទរកថា​ឆ្នាំ១៩៥៤ ពេលដែល​លោកចូលនិវត្តន៍​ពីតំនែង​ប្រធានសហគមន៍​រូបវិទ្យាអាមេរិក (American Physical Society) ដូចតទៅ៖

“ខ្ញុំចងចាំ​យ៉ាងច្បាស់ពីអ្វីៗ​ដែលកើតឡើង​នៅខែទី១គឺខែមករាឆ្នាំ១៩៣៩ ពេលដែល​ខ្ញុំចាប់ផ្ដើម​ធ្វើការ​នៅមន្ទីរពិសោធន៍​ភូភីន ពីព្រោះ​អ្វីៗ​កើតឡើង​ទាន់ហន់ពេក។ នៅពេលនោះ ណែលបរ នៅជាប់​កិច្ចសន្យា​បង្រៀន​នៅសាកលវិទ្យាល័យ​ព្រីនស្តុន ហើយខ្ញុំចាំ​បានថា មានល្ងាចមួយ វីល្លីស ឡាំ បានមក​ជួបខ្ញុំ​យ៉ាងតក់ក្រហល់​និងរំភើប​ហើយប្រាប់ខ្ញុំថា បរ​បានធ្វើអោយ​លេចចេញ​នូវដំនឹង​ដ៏អស្ចារ្យមួយ។ ដំនឹងនោះ​គឺជាដំនឹងស្ដីពី​របកគំហើញ​បន្ទុះនុយក្លេអ៊ែរ​​និង​សេចក្ដីសង្ខេប​ត្រួសៗ​ ស្ដីពី​ដំនើរការរ​បស់វា។ បន្ទាប់មក​ក្នុងខែ​​ដដែលនោះ មានកិច្ច​ប្រជុំមួយ​នៅវ៉ាស៊ីនតោន ដែលនៅ​ក្នុងនោះគេ​បានធ្វើការពិភាក្សា​ជាលើកដំបូង​ ពីសារសំខាន់​ដែលអាចមាន​របស់​បាតុភូតបន្ទុះនុយក្លេអ៊ែរ និងនិយាយ​ពាក់កណ្ដាល​កំប្លែងថា​វាអាចជា​ប្រភពថាមពល​នុយក្លេអ៊ែរផងដែរ។”

នៅខែសីហា​ឆ្នាំ១៩៣៩ លីអូ ស៊ីឡាដ(Leó Szilárd) និង អាល់បឺត អែងស្តែង បានសរសេរ​និងចុះហត្ថលេខា​លើសំបុត្រ​ដ៏ល្បីមួយ ដែលក្រើនរំលឹក​ដល់លោក​ប្រធានាធិបតី ហ្វ្រែងគ្លីន ដ. រ៉ូសវ៉ែល ថា​ពួកណាស៊ី​មានគំរោង​ផលិត​គ្រាប់បែកបរមាណូ។ រ៉ូសវ៉ែល​បានបារម្ភ​នឹងបញ្ហានោះ​ហើយបានបង្កើ​តអោយមាន​គណកម្មាធិការអ៊ុយរ៉ានីញ៉ូម និងបានផ្តល់​មូលនិធិ​ថាមពលអាតូមិច​លើកទី១ចំនួន​៦ពាន់ដុល្លា​ ដល់សាកលវិទ្យាល័យកូឡុំបៀ។ ថវិកានេះ​ត្រុវបាន​ប្រើប្រាស់​ដើម្បីសិក្សា​និងផលិត​រ៉េអាក់ទ័រ​នុយក្លេអ៊ែរទី១គឺ Chicago Pile-1 ដែលជា​ថ្មពិល​អាតូមិច​ដ៏ធំ ធ្វើពី​សសរក្រាភីត​និង​ឥន្ទនៈអ៊ុយរ៉ានីញ៉ូម។ ហ្វែរមី​បានរៀប​គំរោង​និងធ្វើ​ការគណនា​យ៉ាងល្អិតល្អន់ រហូតដល់​សំរេចបាន​នូវ​ច្រវាក់ប្រតិកម្ម​នុយក្លេអ៊ែរ​​ស្វ័យប្រវត្តិ។ ជោគជ័យនេះ​អាចអោយ​គេសិក្សា​អោយបាន​រឹតតែ​ច្បាស់ពី​លក្ខណៈ​បន្ទុះនុយក្លេអ៊ែរ​ និងចលនការ​ក្នុងគ្រាប់បែកបរមាណូ។ ជោគជ័យនេះ​ជួយអោយគេ​សាងសង់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ដ៏ធំមួយនៅ​ហាន់ហ្វដ, វ៉ាស៊ីនតោន ដែលនៅទីនោះ​គេបានផលិត​ធាតុភ្លុយតូនីញ៉ូម​ចាំបាច់​សំរាប់ប្រើ​ក្នុងគ្រាប់បែកបរមាណូ​ទំលាក់នៅ ​មណ្ឌលទ្រីនីធី (កន្លែងសាកល្បង​អាវុធនុយក្លេអ៊ែរអាមេរិក) និងនៅ ណាហ្គាសាគី។ ទីបំផុត​ការងារលើ​ម៉ាស៊ីនរ៉េអាក់ទ័រ​របស់ហ្វែរមី​និង​​ស៊ីឡាដ​​ត្រូវបានបិទ ក្រោមអ្វីដែលគេ​អោយឈ្មោះថា គំរោងម៉ាន់ហាថាន់។

ក្រោយមក​ហ្វែរមី​បានប្ដូរទៅ​នៅ ឡូស អាឡាម៉ូស នៅចុងគំរោង​ម៉ាន់ហាថាន់ និងបានបំរើការងារ​ជាទីប្រឹក្សាទូទៅ។ លោកបាន​ក្លាយជា​ពលរដ្ឋអាមេរិក​ដោយស្វ័យប្រវត្តិ​នៅឆ្នាំ១៩៤៤។
ក្រោយសង្គ្រាមលោកលើកទី២

ក្រោយពីសង្គ្រាម ហ្វែរមីធ្វើការទៅមករវាងជីកាហ្គោនិងញូយ៉ក។ លោកបានចូលរួមក្នុងគំរោង វគ្គបំបែក​អ៊ីសូតូប​នៃថាមពល​អាតូមិច។

ហ្វែរមី​ត្រូវបាន​គេទទួលស្គាល់​ជាទូទៅ​ថាជាអ្នករូបវិទ្យា​តែម្នាក់គត់នៅស.វទី២០ ​ ដែលពូកែទាំង​ខាងទ្រឹស្ដី​និងការពិសោធន៍។ សមត្ថភាព​និងជោគជ័យ​របស់ហ្វែរមី​មានឬសគល់​មកពី ការអោយតំលៃរ​បស់លោក​លើសិល្បៈនៃភាព​អាចមាន ក៏ដូចជា​ប្រាជ្ញានិងទេពកោសល្យ​ពីកំនើតរបស់លោក។ លោកមិនចូលចិត្ត​ទ្រឹស្ដីបទសាំញ៉ាំទេ។ ទោះជាលោកពូកែ​ខាងគណិតវិទ្យា​ក៏ដោយ លោកតែងតែ​ចៀសវាងប្រើវា ប្រសិនបើ​ការងារទាំងឡាយ​អាចធ្វើបាន​តាម​របៀបងាយជាង។ លោកល្បីខាង​រកឃើញចំលើយ​ត្រឹមត្រូវបានយ៉ាងរហ័ស​ ចំពោះចំនោទ​ទាំងឡាយណាដែលធ្វើអោយ​អ្នកដទៃជាប់គាំង។ ឧទាហរណ៍មួយ​ ពេលដែលគេ​ធ្វើតេស្តគ្រាប់បែក​បរមាណូទី១នៅញូម៉ិចស៊ិកូ នៅថ្ងៃទី១៦ កក្កដា ១៩៤៥។ ពេលដែល​ខ្យល់ផ្ទុះមកប៉ះ​លោក ហ្វែរមីបាន​ទំលាក់កំទេច​ក្រដាស់ និងវាស់ចំងាយ​ដែលវាប៉ើងទៅ។ តាមរបៀបនេះ​គាត់បានប៉ាន់ប្រមាណ​ថាកំលាំងផ្ទុះ​គឺខ្លាំងជាង TNT ចំនួន១០គីឡូតោន។ តាមរបាយការណ៍​ដែលគេវាស់បាន កំលាំងផ្ទុះនោះស្មើនឹងTNT ចំនួន១៨,៦គីឡូតោន។

អ្វីដែលធ្វើអោយ​គេមិនសរសើរ​មិនបាននោះគឺ​ការដាក់ខ្លួន​របស់ហ្វែរមី និងសមត្ថភាព​របស់លោកក្នុង​ការធ្វើការងារ​គ្រប់ជំពូក។ នេះហើយ​ដែលជាកត្តា​ធ្វើអោយលោកមានប្រជាប្រិយភាព​ក្នុងចំនោមមនុស្ស​គ្រប់ឋានៈ តាំងពី​ជ័យលាភីរង្វាន់ណូបែល​ទៅដល់​អ្នកបច្ចេកទេស។ លោក ហង់រី ដឺវ៉ូលហ្វ ស្មីត (Henry DeWolf Smyth) ប្រធាន​ដេប៉ាតឺម៉ង់រូបវិទ្យា​នៅព្រីនស្តុន ម្ដងនោះ​បានអញ្ជើញ​ហ្វែរមី​អោយទៅ​ធ្វើការពិសោធន៍​មួយចំនូន​នៅក្នុងបន្ទប់ស៊ីក្លូត្រុង​របស់ព្រីនស្តុន។ ថ្ងៃមួយ​ពេលលោកស្មី​តបានដើរចូល​ទៅក្នុង​បន្ទប់ពិសោធ លោកបានឃើញ​ហ្វែរមី​ជួយនិស្សិត​ថ្នាក់បរិញ្ញាម្នាក់សែងតុ។ មានពេលមួយទៀត ពេលដែល​មិត្តម្នាក់របស់​លោកទៅលេង​លោកនៅកូឡុំបៀ តែមិនបាន​ឃើញលោក​នៅក្នុង​បន្ទប់ពិសោធ​និងការិយាល័យ តែបែរជា​ទៅរកឃើញហ្វែរមី​នៅក្នុងរោងជាង កំពុងកាត់បន្ទះ​សំណប៉ាហាំង​ដោយប្រើកន្ត្រៃយ៍យ៉ាងធំមួយ។

បន្ទាប់ពីសង្គ្រាម ហ្វែរមី​បានបំរើការ​មួយរយៈខ្លី​ជាគណកម្មាធិការប្រឹក្សា​ទូទៅនៃ​ ស្នងការដ្ឋាន​ថាមពលអាតូមិច។ នៅក្នុង​មជ្ឈឹមវ័យ​របស់លោក ហ្វែរមី​បានធ្វើការងារ​លើរូបវិទ្យាស្ដីពី​ភាគល្អិត ជាពិសេស​ការសិក្សាលើពីញ៉ុង​និងមុយញ៉ុង។ លោកក៏​បន្ត​បង្រៀន​នៅ​សាកលវិទ្យាល័យជីកាហ្គោ លើផ្នែក​មេកានិចកង់ទិច រូបវិទ្យានុយក្លេអ៊ែរ និង ទែរម៉ូឌីណាមិច។

ហ្វែរមី​ទទួល​មរណភាព​នៅអាយុ៥៣ឆ្នាំ ដោយសារ​ជំងឺមហារីកក្រពះ។ និស្សិត​២នាក់ទៀត​ដែលនៅតាម​ធ្វើការលើ​ថ្មពិលនុយក្លេអ៊ែរ​ជាមួយលោក​ក៏បានស្លាប់​ដោយសារ​ជំងឺមហារីកដែរ។ ហ្វែរមីនិង​ក្រុមការងាររបស់លោក​​ដឹងខ្លួនច្បាស់ណាស់​ថាការងារបែបនោះ​ វាមាន​គ្រោះថ្នាក់ ប៉ុន្តែពួកគេ​បានគិតពី​សារសំខាន់​ជាចាំបាច់របស់​លទ្ឋផលការងារ​ពួកគេ ជាជាង​សុវត្ថិភាពផ្ទាល់ខ្លួន។

បន្ទប់ពិសោធន៍​រូបវិទ្យា​និងឧបករណ៍​បង្កើន​សំទុះភាគល្អិត Fermilab នៅអ៊ីលីណយ ត្រូវបាន​សហគមន៍​រូបវិទ្យាដាក់​ឈ្មោះតាមហ្វែរមី ដើម្បី​ជាការចងចាំ​ដល់រូបលោក។ រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fermi 1 និង Fermi 2 នៅញួផត, មីឈីហ្គេន និង វិទ្យាល័យ​អង់រីកូហ្វែរមី ក៏ត្រូវបាន​ដាក់ឈ្មោះតាម​លោកដែរ។

នៅឆ្នាំ១៩៥២ ធាតុទី១០០​ក្នុងតារាងខួប​នៃធាតុគីមី​ត្រូវបានផ្ដាច់​ចេញបានសំរេច​ពីតេស្តនុយក្លេអ៊ែរ។ ជាកិត្តិយស​ដល់ការរួមចំនែក​របស់ហ្វែរមី​ក្នុង​សហគមន៍រូបវិទ្យា ធាតុនោះត្រូវ​បានគេដាក់​ឈ្មោះថា ហ្វែរមីញ៉ូម។

តាំងពីចុងទសវត្សរ៍ទី៥០ ស្នងការដ្នានថាមពលអាតូមិចសហរដ្ឋអាមេរិក​បានបង្កើតនូវ រង្វាន់ហ្វែរមី។
អំពីគ្រួសារនិងមរតក

ម្ដាយរបស់​អង់រីកូ ហ្វែរមី បានធ្វើ​ចង្ក្រាន​សំពាធ​ដោយខ្លួនឯង ហើយប្រហែល​ជាដោយសា​រប្រការនេះហើយ​ដែល​បណ្ដុះគំនិត​អង់រីកូ​អោយសាងសង់​ រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​លើកទី១​នៅឆ្នាំ១៩៤២។ ចង្ក្រានសំពាធ​ជាលោហៈ​ដែលមាន​ផ្ទុកចំហាយ​សំពាធ ចំនែក​ថ្មពិល​នុយក្លេអ៊ែរ​របស់ហ្វែរមី​ជាក្រាហ្វីត​ផ្ទុកអ៊ុយរ៉ានីញ៉ូម​ពីបន្ទុះ។ នៅឆ្នាំ១៩២៨ ហ្វែរមី​បានរៀបការជាមួយ ឡូរ៉ា កាប៉ុង (Laura Capon)។ ពួកគេ​មានកូន២​នាក់ពេលរស់នៅ​អ៊ីតាលីគឺ កូនស្រីឈ្មោះ ណែលឡា ហ្វែរមី វេណឺ (Nella Fermi Weiner) (បណ្ឌិត) (១៩៣១-១៩៩៥) ជាវិចិត្រករស្ត្រីនិយម និងកូនប្រុសឈ្មោះ ហ្គុល្យូ (ជូដ) ហ្វែរមី (Giulio (“Judd”) Fermi) (បណ្ឌិត) (១៩៣៦-១៩៩៧)។ ឡូរ៉ា​និង​ហ្គុល្យូ​ធ្វើការជាមួយ​ជ័យលាភីណូបែល​លោក ម៉ាក ប៉េរូត (Max Perutz) លើទំរង់អេម៉ូហ្គ្លូប៊ីន។

នៅចុងជីវិត​របស់លោក ហ្វែរមី​បានដឹង​ថា​ភក្ដីភាព​របស់លោក​ចំពោះសង្គម​ក្នុងការធ្វើជំរើស​ ប្រកបដោយ​គតិបណ្ឌិត ស្ដីពី​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ត្រូវបាន​គេសង្ស័យ។ ហ្វែរមី​បានមានប្រសាសន៍​ថា៖

“មានអ្នក​ខ្លះអាចគិតថា តើវាមាន​ប្រយោជន៍អ្វី​ទៅក្នុងការធ្វើការងារ​យ៉ាងលំបាក​គ្រាន់តែ​ដើម្បីប្រមូល​បានការពិត​មួយចំនួន​ដែលមិនផ្ដល់​នូវសេចក្ដីរីករាយ តែផ្ដល់​នូវសាស្ត្រាចារ្យ​សក់វែងប៉ុន្មាននាក់​ដែលចូលចិត្ត​ប្រមូលទុក​បស់បែបហ្នឹង ដែលនឹង​គ្មានប្រយោជន៍​សំរាប់​អ្នកដទៃ លើកលែងតែ​ទុកសំរាប់អោយ​អ្នកឯកទេស​ដ៏ពូកែប៉ុន្មាននាក់​ស្វែងយល់នោះ? ចំពោះ​សំនួរបែបនេះ ខ្ញុំអាច​ប្រថុយឆ្លើយដោយ​ទុកចិត្តដូចតទៅ។ ប្រវត្តិសាស្ត្រ​របស់វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​បានបង្រៀន​យើងថា​ ការរីកចំរើន​ផ្នែកវិទ្យាសាស្ត្រ​នៅកំរិតដំបូង មិនយូរមិនឆាប់​នឹងនាំទៅដល់​ការអនុវត្តន៍​ក្នុងបច្ចេកទេស​និងឧស្សាហកម្ម ដែលបានធ្វើ​បដិវដ្ដន៍​ជីវភាព​រស់នៅរបស់​យើង។ ចំពោះខ្ញុំ វាទំនង​ជាមិនអាច​ទេដែលថា កិច្ចប្រឹងប្រែង​របស់ខ្ញុំក្នុងការស្វែងយល់​ពីទំរង់រូបធាតុ ជាករណី​លើកលែងនោះ។ អ្វីដែល​មិនសូវប្រាកដ ហើយអ្វីដែលយើង​ប៉ងនោះគឺថា មនុស្សជាតិ​និងក្លាយជា​មនុស្សចាស់ទុំ​គ្រប់គ្រាន់​ ដើម្បីប្រើប្រាស់​ថាមពលពី​ធម្មជាតិក្នុងផ្លូវល្អ។”

ចងក្រងនិងប្រែសំរួលដោយ៖ គីមស៊្រុន
ដកស្រង់ពីវីគីភីឌាភាសាខ្មែរ